ថ្ងៃ២០ឧសភា ជាទិវាជាតិនៃការចងចាំជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា

អត្ថបទដោយ៖
ហេង វណ្ណា

 ថ្ងៃ២០ឧសភាជា ​«​ទិវា​ជាតិ​នៃ​ការចងចាំ​» ។ ​ថ្ងៃ​បុណ្យជាតិជាប្រវត្តិសាស្រ្ត​នេះ តែងរៀបចំឡើងសម្រាប់​ជាការ​រំលឹក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃទី​១៧ មេសា ១៩៧៥ ដល់​ថ្ងៃទី​៦ មករា ១៩៧៩​។​ រយៈពេល៣ឆ្នាំ​៨ ខែ និង២០ថ្ងៃនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រជាជនកម្ពុជា ចងចាំទុកមិនអាចបំភ្លេចបាន នូវមហាសោកនាដ្ឋកម្ម ដ៍សែនឈឺចាប់ហួសប្រមាណ ដែលបនប្រល័យពូជសាសន៍ប៉ុលពត បានធ្វើអោយអាយុជីវិត ទ្រព្យសម្បត្តិ វប្បធម៌ ប្រពៃណី និងអ្វីៗត្រូវវិនាសខ្ទេចខ្ទី ស្ទើរគ្មានសល់អ្វីឡើយ ពួកវាបានធ្វើអោយអាយុជីវិត ប្រជាជនកម្ពុជាស្លូតត្រង់ រាប់លាននាក់បានស្លាប់ នឹងនិរាសព្រាត់ប្រាស់ បែកបាក់គ្រួសារ ប្រពន្ធព្រាត់ប្ដី ឪពុកម្ដាយព្រាត់កូន បានក្លាយទៅជាស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ គ្រាន់តែក្នុងរយៈពេល ៣ឆ្នាំ ៨ខែនិង 20 ថ្ងៃប៉ុណ្ណោះ ធ្វើឲ្យប្រជាជនកម្ពុជាជាង៣លាននាក់ ត្រូវបានស្លាប់យ៉ាង វេទនា អាណោចអាធម្ម និងអយុត្តិធម៌ក្នុងយុគសម័យ ដ៏ខ្មៅងងឹតនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

       ក្រោយថ្ងៃដែលរបបឃោរឃៅ ព្រៃផ្សៃនេះត្រូវបានផ្ដួលរំលំ ប្រជាជនកម្ពុជាបានយកថ្ងៃ២០ឧសភា ធ្វើជាទិវាជាតិនៃការចងចាំ នឹងកាន់មរណៈទុក្ខចំពោះ ប្រជាជនកម្ពុជា ដែលបានស្លាប់នៅក្នុងរបប ប្រល័យពូជសាសន៍ប៉ុលពត ជារៀងរហូតមក ហើយ ការស្លាប់របស់ប្រជាជនកម្ពុជា នៅក្នុងរបបនោះគឺជាការស្លាប់យ៉ាងអយុត្តិធម៌ ដោយការកាប់សម្លាប់យ៉ាងរង្គាល ក្រោមនយោបាយប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត របស់ពួកឃាតករអាវខ្មៅប៉ុលពត ។

នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ពួកវាបានធ្វើឲ្យឈាម និងទឹកភ្នែករបស់ប្រជាជនស្លូតត្រង់ ហូរក្រាលពាសពេញផ្ទៃដីនៃមាតុភូមិកម្ពុជាទាំងមូល ដោយការធ្វើទារុណកម្មគ្រប់បែបយ៉ាង គឺ សម្លាប់ដោយការបង្អត់អាហារ សម្លាប់ដោយប្រើឲ្យធ្វើពលកម្មហួសកម្លាំង ពេលឈឺគ្មានថ្នាំសង្កូវព្យាបាល និងសម្លាប់ចោលដូចសត្វធាតុ។

        ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ របបប្រល័យពូជសាសន៍នេះត្រូវបានផ្ដួលរំលំ ដែលរហូតមកទល់នឹងពេលនេះមានរយៈពេលជាង៤០ឆ្នាំពិតមែន ប៉ុន្តែការឈឺចាប់ខ្លោចផ្សា មិនទាន់រលត់ពីក្នុងដួងចិត្តនិងស្មារតី របស់ប្រជាជនកម្ពុជាដែលរងគ្រោះ ពីក្នុងរបបនេះនៅឡើយទេ រហូតមកទល់ពេលនេះ ។

ថ្ងៃ២០ឧសភាជាទិវាជាតិចងចាំ នៅរបបឧក្រិដ្ឋកម្មយង់ឃ្នង របស់បនប្រល័យពូជសាសន៍ខ្មែរក្រហម ដែលពួកវាបានប្រព្រឹត្តមកលើប្រជាជនខ្មែរខ្លួនឯង គឺការធ្វើទារុណកម្ម ការកាប់សម្លាប់ដ៏សាហាវព្រៃផ្សៃ ដែលសង្គមមនុស្សមិនដែលជួបប្រទះនោះឡើយ ទិដ្ផភាពស្លាកស្នាមដ៏គួរឲ្យរន្ធត់ទាំងនោះ នៅតែបន្តដក់ជាប់ក្នុងដួងព្រលឹង ប្រជាជនកម្ពុជាគ្រប់រូបហើយយើងទាំងអស់គ្នា មិននឹកស្មានថាមានរឿងនេះកើតឡើងបានឡើយ។ ទោះបីសព្វថ្ងៃនេះប្រជាពលរដ្ឋយើង កំពុងរស់នៅក្នុងសុខសន្តិភាព បានស្រួលយ៉ាងណាក៏ដោយ ក៍ការឈឺចាប់ទាំងនេះពិតជា មិនអាចបំភ្លេចបានឡើយ ព្រោះការនិរាសព្រាត់ប្រាស់ ក្នុងសង្គមគ្រួសារគឺជាការឈឺចាប់ខ្លោចផ្សាខ្លាំងណាស់ ហើយវាពិតជាបានបង្ហាញឲ្យឃើញថា ពួកខ្មែរក្រហមបានបង្កនូវមហាវិនាសកម្ម ឈឺចាប់ហួសប្រមាណ និងរាប់ពុំអស់សម្រាប់ជាតិសាសន៍ខ្លួនឯង ហើយក្តីឈឺចាប់ទាំងអម្បាលម៉ាននេះ ត្រូវបានរំលឹកជារៀងរាល់ឆ្នាំ នាថ្ងៃទី២០ខែឧសភា ហើយមានតែអ្នកធ្លាប់ឆ្លងកាត់ក្នុងរបបខ្មែរក្រហម ទើបដឹងច្បាស់ថាខ្មែរក្រហមវាសាហាវព្រៃផ្សៃយ៉ាងណា តែសម្រាប់អ្នកដែលរស់នៅសុខស្រួលឯបរទេសវិញ ក្នុងពេលដែលប្រជារាស្ត្រខ្មែរ ស្រែកដង្ហោយហៅរកជំនួយមកជួយសង្គ្រោះអាយុជីវិតនោះ ពួកគេមិនបានដឹងថាពួកឧក្រិតជនខ្មែរក្រហម វាឃោរឃៅយ៉ាងម៉េចនោះទេ នេះជាការពិតមួយក្នុងសង្គមហើយបណ្ដាអ្នកនយោបាយមួយចំនួនគួរតែទទួលស្គាល់ការពិត ដែលប្រជាពលរដ្ឋខ្មែរចងចាំនោះផង ការព្រមទទួលស្គាល់ការពិត ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់  មិនមែនមានន័យថាជាមនុស្សអន់នោះទេប៉ុន្តែជាមនុស្សមានតម្លៃមួយសម្រាប់ឱ្យសង្គមគោរពនឹងទទួលស្គាល់ផងដែរ។

យើងទាំងអស់គ្នាដែលនៅ រស់រានមានជីវិតរហូតដល់សព្វថ្ងៃ រួមទាំងកូនចៅជំនាន់ក្រោយនេះផង ត្រូវតែគោរពដឹងគុណយ៉ាងជ្រាលជ្រៅ និងមហាធំធេងរបស់វីរៈយុទ្ធជន យុទ្ធនារីស្នេហាជាតិ នៃបក្សប្រជាជនបដិវត្តន៍កម្ពុជា បច្ចុប្បន្នជា គណបក្សប្រជាជនកម្ពុជា ដែលបានជួយសង្គ្រោះអាយុជីវិតយើងទាំងអស់គ្នាឲ្យរួចផុតពីអន្លង់មរណៈ ព្រមទាំងបានការពារយ៉ាងដាច់ខាត មិនឲ្យរបបប្រល័យពូជសាសន៍ ដ៏យង់ឃ្នងនោះវិលត្រឡប់មកវិញបានឡើយ ។

ក្រោមនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានផ្ដល់ឱ្យជាតិមាតុភូមិយើង នូវសុខសន្តិភាពយ៉ាងពេញលេញ ព្រមទាំងបានបង្កលក្ខណៈ ងាយស្រួលគ្រប់បែបយ៉ាង ឲ្យប្រជាពលរដ្ឋយើង មានឱកាសចូលរួមស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចម្រើន លើគ្រប់វិស័យដូចសព្វថ្ងៃនេះ មេរៀនជាប្រវត្តិសាស្ត្រ ត្រូវបានចងចាំ ហើយយើងទាំងអស់គ្នាសូមឧទ្ទិសស្មារតី ថ្ងៃ២០ឧសភាជាទិវាជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ឲ្យស្ថិតនៅជាប់ជានិច្ចក្នុងក្រអៅបេះដូង កូនខ្មែរគ្រប់រូបដើម្បីរួមគ្នាទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ដ៏ព្រៃផ្សៃនេះ កើតមានជាថ្មីនៅលើទឹកដីនៃមាតុភូមិអង្គរដ៏បវរនៃយើងនិងនៅលើពិភពលោកជារៀងរហូតបានឡើយ។

សូមបញ្ជាក់ថា ២០ ឧសភា ត្រូវបានរាជ​រដ្ឋាភិបាល ដាក់បញ្ចូល​ក្នុង​ថ្ងៃបុណ្យ​ជាតិ​ជា​ផ្លូវការ ក្រោម​ឈ្មោះថា «​ទិវា​ជាតិ​នៃ​ការចងចាំ​»​ តាម​អនុក្រឹត្យ​ចុះ​ផ្សាយកាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ កន្លងមកទៅ។
​ក្នុងខ្លឹមសារនៃអនុក្រឹត្យ រាជរដ្ឋាភិបាល បានបញ្ជាក់​ពី​គោលបំណង​ «​លើកតម្កើង​ការ​រំលឹក​ដល់​ជនរងគ្រោះ ការស្ដារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ របស់​ជន​គ្រោះ ទោះជា​នៅរស់ ឬក៏​បាន​បាត់​បង់ជីវិត​ក៏ដោយ​។ ប៉ះប៉ូវ​ដល់​ការឈឺចាប់​ផ្លូវចិត្ត និង​ផ្នែក​សង្គម​ដល់​ជនរងគ្រោះ និង​ក្រុមគ្រួសារ។​ ជាមួយគ្នានេះ រាជរដ្ឋាភិបាលជំរុញឲ្យមានការចូលរួម​ក្នុងការ​ផ្សះផ្សា​ជាតិ និង​ជំរុញ​ឲ្យ​មាន​សុខដុម​រម​នីយកម្ម ក្នុងសង្គម​កម្ពុជា និង​លើកកម្ពស់​ការផ្សព្វផ្សាយ​និង​ការយល់ដឹង​អំពី​អំពើ​ឃោ​ឃៅ ដែល​កើតមាន​នៅក្នុងរ​បបក​ម្ពុ​ជា​ប្រជាធិបតេយ្យ កុំ​ឲ្យ​កើតមានឡើង​សារជាថ្មី​»​៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner