បុគ្គលិកមជ្ឈមណ្ឌលវេជ្ជសាស្ត្រហាន់ដាHANDAក្រុងបាត់ដំបងម្នាក់ វិជ្ជមានកូវីដ-19 ក្នុងចំណោមករណីរកឃើញវិជ្ជមានចំនួន៥នាក់និងព្យាបាលជាសះស្បើយចំនួន៣នាក់នៅថ្ងៃទី២០ខែឧសភានេះ
រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន និង ជូនដំណឹង នៅល្ងាច ថ្ងៃទី២០ ខែឧសភាឆ្នាំ២០២១នេះ ពីករណីរកឃើញ វិជ្ជមានជម្ងឺកូវីដ-19 ចំនួន០៥នាក់ (ស្រី០៣នាក់) ថ្មីបន្ថែមទៀត ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន០៣នាក់ និងជាពលករវិលត្រឡប់ពីប្រទេសថៃចំនួន០២នាក់ និងបានព្យាបាលឲ្យជាសះស្បើយចំនួន០៣នាក់ក្នុងនោះបុរស០២នាក់ និង កុមារា ០១នាក់។ អ្នកដែលជាសះស្បើយត្រូវបានអនុញ្ញាតិឲ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញផងដែរ។
ដោយឡែកករណីអ្នកវិជ្ជមានកូវីដ-19ខាងលើនេះត្រូវបានបញ្ជូនឲ្យសម្រាកព្យាបាលជម្ងឺ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មន្ទីរពេទ្យបង្អែកស្រុកថ្មគោល និងមន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន។
សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមករណីផ្ទុះជម្ងឺកូវីដ-19 កន្លងមក។ខេត្តបាត់ដំបងមានអ្នកជម្ងឺកូវីដ-19 សរុបចំនួន១១៥នាក់ ក្នុងនោះ បានព្យាបាលឲ្យជាសះស្បើយ ចំនួន៤១នាក់,ស្លាប់១ករណី បានបញ្ជូនឲ្យទៅសម្រាកព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន០២នាក់ និងកំពុងសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរបង្អែកនានា ចំនួន ៧១នាក់។
ដោយឡែកពាក់ព័ន្ធនិងករណីរកឃើញវិជ្ជមានកូវីដ-19ទៅលើស្ត្រីម្នាក់ឈ្មោះ តែ ដូរីនារីរ័ត្ន អាយុ៤១ឆ្នាំ ជាបុគ្គលិកបំរើការងារនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ហាន់ដាHANDA.ក្រុង-ខេត្តបាត់ដំបងខាងលើនេះ ត្រូវបានគណៈគ្រប់គ្រងមជ្ឈមណ្ឌល
វេជ្ជសាស្ត្រហាន់ដា ក្រុងបាត់ដំបងធ្វើការជូនដំណឹងដាច់ដោយឡែក និងបានអំពាវនាវដល់អ្នកពាក់ព័ន្ធអ្នកជម្ងឺឲ្យចូលខ្លួនធ្វើតេស្តសំណាកដើម្បីត្រួតពិនិត្យមើលសុខភាព និង ដាក់ខ្លួននៅដាច់ដោយ ឡែកដើម្បីត្រួតពិនិត្យសុខភាព ក្នុងករណីសង្ស័យត្រូវរាយការណ៍ជូនអាជ្ញាធរនិងគ្រូពេទ្យដើម្បីព្យាបាល។ បច្ចុប្បន្នមជ្ឈមណ្ឌលបានបិទផ្អាកបណ្តោះអាសន្នក្នុងការទទួលព្យាបាល ដើម្បីសហការជាមួយមន្ទីរសុខាភិបាលខេត្តបាត់ដំបង ៕


