បញ្ជូនខ្លួន អ្នកផលិតស្រាស ចំនួន ១៣នាក់ នៅខេត្តកណ្តាល ទៅតុលាការនៅថ្ងៃនេះ ក្រោយមានហេតុការណ៍មនុស្សស្លាប់ និងធ្លាក់ខ្លួនឈឺ
អ្នកផលិតស្រា.ស សរុប ១៣នាក់ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ក្រោយអ្នកទទួលទានស្រារបស់ពួកគាត់ បានស្លាប់ជាបន្ដបន្ទាប់ចំនួន១៣នាក់ និងមនុស្សជាច្រើននាក់ផ្សេងទៀតកំពុងតាមដានសុខភាព នៅស្រុកល្វាឯម ខេត្តកណ្ដាល។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី បាន ឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការសួរនាំ អ្នកលក់ស្រា.សទាំង១៣នាក់នោះ ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល នៅរសៀលថ្ងៃនេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ក្រោយអ្នកទទួលទានបានពុលស្លាប់ជាបន្ដបន្ទាប់។
ជនសង្ស័យទាំង១៣នាក់ រួមមាន៖ ឈ្មោះ ប៊ូ ស៊ន អាយុ៧៨ឆ្នាំ,ឈ្មោះ ង៉ូវ សៀ ភេទស្រី អាយុ៦៦ឆ្នាំ, ឈ្មោះ អៀម នៅ អាយុ៤៨ឆ្នាំ, ឈ្មោះ អេង ដូរ អាយុ៣១ឆ្នាំ, ឈ្មោះ ឌួង ឌី អាយុ៦១ឆ្នាំ, ឈ្មោះ ខុន សារី អាយុ៣៦ឆ្នាំ, ឈ្មោះ សេង លីសុភាព អាយុ៣៦, ឈ្មោះ អ៊ឹម សំអូន អាយុ៤៤ឆ្នាំ, ឈ្មោះ ព្រៃ ចិន្តា អាយុ៣០ឆ្នាំ, ឈ្មោះ ឈឿន សុភា អាយុ៣៣ឆ្នាំ, ឈ្មោះ ពៅ ហៀង អាយុ៤៣ឆ្នាំ, ឈ្មោះ ឆាយ សេងឃៀង អាយុ៦៨ឆ្នាំ, ឈ្មោះ ផាត់ សុផាន់នី អាយុ៥៩ឆ្នាំ ។
សូមជម្រាបថា ក្រសួងសុខាភិបាល បានបញ្ជាក់ថាលទ្ធផល នៃការអង្កេតស្រាវជ្រាវរកឃើញថា ករណីដំបូងបង្អស់កើតមាននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ហើយករណីទាំងអស់ចាប់ផ្តើមឡើង ដោយមានរោគសញ្ញាដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើមអ្នកខ្លះមានសភាពឡះឡះ ថប់ដង្ហើមណែនទ្រូង ពិបាកដកដង្ហើមរីកប្រស្រីភ្នែកសន្លឹម និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយចំនួន និងជាសរុបរួមពីថ្ងៃទី៨ ដល់ថ្ងៃទី១៩ ខែឧសភា មានករណីស្លាប់សរុបចំនួន១២នាក់ នៅភូមិចំនួន២ គឺភូមិតាស្គរភូមិក្តីកណ្ដាល ឃុំសារិកាកែ ស្រុកល្វាឯម។
យោងតាមលទ្ធផលពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បង្ហាញថា មន្ទីរពិសោធន៍ទទួលបានសំណាកស្រា ២៨សំណាក ក្នុងនោះស្រាថ្នាំ១៥សំណាក ស្រាស១៣សំណាក ដែលមានសារធាតុមេតាណុល (Metfanp) លើសកម្រិតធំជាង០,៥ភាគរយ (>0,៥%) មានចំនួន២០សំណាក ដែលធ្វើឱ្យពុល ដែលកម្រិតមិនពុលនោះមិនត្រូវលើសពី០,១% ឡើយ។
ពាក់ព័ន្ធនឹងករណីនោះ ក្រសួងសុខាភិបាលសន្និដ្ឋានថា ហេតុការណ៍ដែលមានមនុស្សស្លាប់នោះ បានកើតឡើងដោយសារពួកគាត់បានពិសាស្រាស ឬស្រាថ្នាំដែលមានសារជាតិមេតាណុលខ្ពស់ បញ្ជាក់តាមលទ្ធផលបានមកពីមន្ទីរពិសោធន៍ ហើយនាពេលកន្លងមកក៏មានករណីពុលស្រាស ឬស្រាថ្នាំពីពេលមុនៗជាច្រើនដងមកដែរ។ ក្រសួងសុខាភិបាល សូមឲ្យប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់នូវការពិសាស្រាស ឬស្រាថ្នាំ ដែលផលិតដោយមិនមានបច្ចេកទេសត្រឹមត្រូវ ជាពិសេសស្រា ដែលយកមេតាណុលមកលាយ គឺហាមដាច់ខាត។