ខេត្តពោធិ៍សាត់ ដាក់ដំណើរការអគារទីទួលសុវត្ថិភាពចំនួន២ ដើម្បីប្រជាពលរដ្ឋស្នាក់អាស្រ័យពេលជួបគ្រោះទឹកជំនន់
ពិធីដាក់ឱ្យដំណើរអគារទីទួលសុវត្ថិភាពនោះបានធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមវត្តមាន អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន្ទ។ អគារទីទួលសុវត្ថិភាពទាំងពីរ ជាការបង្កើតឡើងក្រោមកិច្ចសហការរវាងអង្គការស្បៀងអាហារពិភពលោក និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ខេត្តពោធិ៍សាត់ ដែលជាខេត្តជាប់បឹងទន្លេសាប និងជាប់ស្ទឹងធំៗ មានបណ្តាញទឹកធ្លាក់ពីតាមជួរភ្នំនោះ តែងជួបគ្រោះជំនន់ទឹកភ្លៀងស្ទើររៀងរាល់ឆ្នាំ។ កាលពីឆ្នាំ២០២០ កន្លងទៅនេះ ខេត្តពោធិ៍សាត់ បានរងការជន់លិចដោយជំនន់ទឹកភ្លៀងធ្លាក់ពីតាមជួរភ្នំយ៉ាងធ្ងន់ធ្ងរ។
អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន្ទ បានឱ្យដឹងថា ប្រជាពលរដ្ឋនៅតាមបណ្តាឃុំមួយចំនួនក្នុងស្រុកបាកាន និងស្រុកកណ្ដើង តែងរងគ្រោះទឹកជំនន់ ហើយជួបការលំបាកខ្លាំង ខ្វះទីទួលសុវត្ថិភាពនៅពេលមានការជម្លៀសចេញពីភូមិឋានពេលទឹកជំនន់ម្ដងៗ។ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា អគារទួលសុវត្ថិភាពទាំងពីរនេះ ត្រូវបានចំណាយថវិកាសាងសង់ដែលជាគាំទ្រដោយរដ្ឋាភិបាលជប៉ុនប្រមាណ ៤៤ម៉ឺនដុល្លារអាមេរិក។ អគារទីទួលសុវត្ថិភាពនេះ មួយទីតាំងស្ថិតនៅភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល ស្រុកបាកានដែលមានទំហំអគារ ៨៦៤ម៉ែត្រការ៉េ សង់លើដីសាធារណៈរបស់រដ្ឋ។
ចំណែកមួយទីតាំងទៀត គឺស្ថិតនៅក្រោយវត្តក្តីឧត្តម ភូមិក្តីល្អិត ឃុំស្រែស្តុក ស្រុកកណ្ដើង ដែលមាន ទំហំអគារ ១ពាន់៦៨៥.០៦ម៉ែត្រការ៉េ សង់លើដីជាការបរិច្ចាគរបស់ព្រះចៅអធិការវត្តក្តីឧត្តម។ អគារទួលសុវត្ថិភាពនេះ បានចាប់ផ្តើមសាងសង់នៅឆ្នាំ២០២០ ហើយបានបញ្ចប់ការសាងសង់ ជាស្ថាពរនៅខែមេសា ឆ្នាំ២០២១ថ្មីៗនេះ ក្រោមការតាមដានត្រួតពិនិត្យផ្ទាល់ពីគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ អាជ្ញាធរខេត្ត ស្រុក ឃុំ និងអង្គការស្បៀងអាហារពិភពលោក។
អគារទីទួលសុវត្ថិភាពនេះ ត្រូវបានសាងសង់ឡើងដោយផ្អែកលើស្ដង់ដារអន្តរជាតិ និងបំពាក់ទៅដោយសម្ភារៈ កន្លែងសំខាន់ៗ ដូចជាផ្ទះបាយ កន្លែងបោកគក់ បន្ទប់ស្តុកអីវ៉ាន់ បន្ទប់ទឹក កន្លែងលាងដៃ កន្លែងសត្វ ប្រព័ន្ធទឹក អគ្គិសនី និង ប្រព័ន្ធការពារន្ទះ។
លោក ម៉ៅ ធនិន្ទ បានថ្លែងថា អគារទួលសុវត្ថិភាពនេះ គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋក្នុងភូមិ ឃុំ ដែលប្រឈមគ្រោះទឹកជំនន់ ដែលអាចធ្វើការជម្លៀសពីលំនៅឋានរងគ្រោះដោយទឹក ជំនន់ មកស្នាក់នៅបណ្តោះអាសន្នបានរហូតដល់ទឹកជំនន់ស្រកទៅវិញ។ តំណាងអង្គការស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា លោកស្រី Emma Conlan បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយទទួលរងផលប៉ះពាល់ពីការប្រែប្រួលធាតុអាកាស ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត។ លោកស្រីបន្តថា ការស្ថាបនាមជ្ឈមណ្ឌលទាំងនេះ គឺជាផ្នែកមួយនៃភាពជាដៃគូយូរអង្វែងរវាងកម្មវិធីស្បៀងអាហារពិភពលោក និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងពង្រឹងការត្រៀមបង្ការ និងការឆ្លើយតបជាបន្ទាន់នៅក្នុងប្រទេស។