បន្ទាប់ទទួលសិទ្ធិធ្វើនយោបាយឡើងវិញ លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ ថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រ, សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង
ភ្នំពេញៈ បន្ទាប់ពីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ លោក ប៉ុល ហំម អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ និងលោក ផាន់ ច័ន្ទសាក់ សមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្រ្គោះជាតិ និងជាមេធាវីលោក កឹម សុខា បានថ្លែងអំណរព្រះគុណដល់ព្រះករុណាព្រះមហាក្សត្រកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចក្រឡាហោមឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
លោក ប៉ុល ហំម បានមានប្រសាសន៍ប្រាប់ AMS ថា លោកសូមថ្លែងអំណរព្រះគុណដល់អង្គព្រះមហាក្សត្រ ដែលបានព្រះរាជទាន ការលើកបម្រាមនយោបាយចំពោះរូបលោក ។ លោកសូមអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានស្នើសុំព្រះមហាក្សត្រសូមការផ្តល់នីតិសម្បទា និងអរគុណសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានធ្វើឲ្យដំណើរការនៃការស្នើសុំសិទ្ធិធ្វើនយោបាយរបស់លោកបានត្រឡប់មកវិញ។

ចំណែកលោក ផាន់ ច័ន្ទសាក់ ក៏បានបញ្ជាក់ស្រដៀងគ្នានឹងលោក ប៉ុល ហំម ដែរ។ លោកបានប្រាប់AMSនៅរសៀលថ្ងៃ ទី២១ខែឧសភានេះថា លោកសូមថ្លែងអំណរគុណសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអរព្រះគុណព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ដែលបានផ្តល់នីតិសម្បទាដល់រូបលោក និងលោក ប៉ុល ហំម បានមានសិទ្ធិធ្វើនយោបាយឡើងវិញ។
គួរជម្រាបថា ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ត្រាស់បង្គាប់ផ្តល់នីតិសម្បទា ឡើងវិញឱ្យលោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចដីកាលេខ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។ លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅក្រសួងមហាផ្ទៃកាល ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១៕
ដោយៈពលជ័យ