សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ៩ចំណុច ដើម្បីឱ្យកុមារ ទទួលបានសិទ្ធពេញលេញ ដូចមានចែង ក្នុងច្បាប់ជាតិ និងអន្តរជាតិ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវ ៩ចំណុច ដើម្បីឱ្យកុមារ ទទួលបានសិទ្ធពេញលេញ ដូចមាន ចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ ។ នេះបើតាមសារលិខិតអបអរសាទរ ខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១ មិថុនា, ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ ដែលទទួលបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តលើកកម្ពស់ការគោរពសិទ្ធិកុមារ និងផ្ដល់កិច្ចការពារយ៉ាងពេញទំហឹងនៅគ្រប់ស្ថានភាព ដោយបានបង្កើតនូវយន្តការជាច្រើន ក្នុងការគ្រប់គ្រង និងផ្តល់ សេវាដល់មុខសញ្ញកុមារទូទៅ កុមារងាយរងគ្រោះ និងកុមាររងគ្រោះ។ តែទោះបីជាមានការការខិតខំប្រឹងប្រែងយ៉ាង នេះហើយក៏ដោយ ក៏នៅមានកុមារមួយចំនួន កំពុងរស់នៅក្នុងស្ថានភាពងាយរងគ្រោះ និងរងគ្រោះ ព្រោះតែឪពុកម្តាយ ឬអាណាព្យាបាល ធ្វើទេសន្តរប្រវេសន៍ និងបោះបង់ចោលរយៈពេលយូរ និងជាពិសេស ក្នុងការរស់នៅក្នុងស្ថានភាព នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលត្រូវការការគាំទ្រ និងអន្តរាគមន៍ជាចាំបាច់ ដោយជំរុញការអនុវត្ត នូវគោល នយោបាយ និងបទដ្ឋាននានា ដែលផ្តោតលើកិច្ចការពារ និងការគោរពសិទ្ធិមូលដ្ឋានរបស់កុមារ ក្នុងគោលដៅការពារ ឧត្តមប្រយោជន៍របស់កុមារ។ ទន្ទឹមនឹងនោះ យន្តការអនុវត្តប្រព័ន្ធកិច្ចការពារកុមារ ត្រូវការជាចាំបាច់នូវធនធានមនុស្ស និងហិរញ្ញវត្ថុឱ្យបានគ្រប់គ្រាន់ ដែលអាចពង្រឹង និងពង្រីកសមត្ថភាពក្នុង ការគ្រប់គ្រង និងអនុវត្តផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពឱ្យទទួលបានលទ្ធផលតាមការរំពឹងទុក ។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចនាយករដ្ឋមន្ត្រី សូមស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តពង្រឹងយន្តការ សម្របសម្រួលក្នុងការបង្ការទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណី កុមារ ដើម្បីលើកកម្ពស់ និងផ្តល់សេវា យុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារានិងកុមារី ព្រមទាំង បង្កើនឱកាសស្មើភាពគ្នា ក្នុងកម្លាំងចលករ សង្គម សម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាព សង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាព ផ្សេងៗទៀត ។

សម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការនៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ, ក្រុមការងារដើម្បីកុមារក្រសួង ស្ថាប័ន, ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ រាជធានី ខេត្ត, កាកបាទក្រហម កម្ពុជា, អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន គ្រួសារ និងសហគមន៍ រួមទាំងកុមារខ្លួន ឯង ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធាន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួម ចំណែកលើកកម្ពស់សិទ្ធិកុមារ ដើម្បីឱ្យពួកគេទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ ។

ក្នុងស្មារតីនេះ សម្ដេចប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ សូមធ្វើការអំពាវនាវដូចតទៅ៖

១- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនសិទ្ធិអំណាចដល់ កុមារ ជាពិសេស កុមារីនិងសហគមន៍ ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរសំខាន់ៗ ដែលអាចដោះស្រាយឫសគល់នៃការរើសអើង ការផាត់ចេញ ពីសង្គមនិងភាពរងគ្រោះ និងងាយរងគ្រោះរបស់កុមារ (កុមារី កុមារជាជនជាតិដើមភាគតិច កុមារមានពិការភាព) ។

២- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជំរុញឱ្យមានការផ្លាស់ប្ដូរក្នុង ការអនុវត្ត និងគោលនយោបាយនៅក្នុងកម្រិតមូលដ្ឋាននិងកម្រិតជាតិ តាមរយៈសកម្មភាពចុះផ្ទាល់ក្នុងការ ចែករំលែកចំណេះដឹង បទពិសោធន៍ស្តីពីតថភាពរបស់កុមារដែលកំពុងជួបប្រទះ។

៣- សូមលើកទឹកចិត្តដល់កុមារនិងសហគមន៍ ដើម្បីត្រៀមខ្លួននិងឆ្លើយតបទៅនឹងវិបត្តិ ព្រមទាំងជម្នះ រាល់ការលំបាក នានា។

៤- គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ សូមចូលរួមគាំទ ឱ្យកុមារទទួល បានការអភិវឌ្ឍប្រកបដោយសុវត្ថិភាពនិងជោគជ័យ ចាប់ពីពេលចាប់កំណើតរហូតដល់ពេញវ័យ ដោយបន្តពង្រឹងសេវា គាំពារ និងអភិវឌ្ឍកុមារតូច អាហារូបត្ថម្ភ សុខភាពបន្តពូជយុវវ័យ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបំណិនជីវិត។

៥- អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ សូមចូលរួមលើកកម្ពស់ការបង្ការ ទប់ស្កាត់ លុបបំបាត់ ការជួញដូរមនុស្សនិងរូបភាពអាសអាភាសកុមារ តាមរយៈក្នុងប្រព័ន្ធអនឡាញនិងក ប្រព័ន្ធអនឡាញក្នុងសហគមន៍ ដើម្បីធានាសុវត្ថិភាពស្របតាមគោលការណ៍ឧត្តមប្រយោជន៍របស់កុមារ។

៦- គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ ត្រូវចូលរួមលើក កម្ពស់ការយល់ ដឹង និងផ្លាស់ប្តូរឥរិយាបថសង្គមក្នុងការប្រព្រឹត្តបែបវិជ្ជមានចំពោះកុមារនៅក្នុងសហគមន៍ ជា ពិសេសផ្តល់ឱកាសឱ្យ កុមារចូលរួមក្នុងការផ្លាស់ប្តូរសហគមន៍របស់ពួកគេ។

៧- សូមពិនិត្យលទ្ធភាពក្នុងការវិនិយោគចំនួនមន្ត្រីរភ្នាក់ងារសង្គមកិច្ចនៅតាមឃុំនីមួយៗ ដើម្បីបង្ខិតការផ្តល់សេវា សង្គមកិច្ចឱ្យកាន់តែកៀកទៅកុមារនិងសហគមន៍ ជាពិសេសកុមារងគ្រោះ ដោយឪពុកម្តាយ ទុកចោល កុមារដែល ទទួលរងអំពើហិង្សា និងការកេងប្រវ័ញ្ចគ្រប់រូបភាព។

៨- គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញការរៀបចំនិងអនុវត្ត ប្រព័ន្ធកិច្ចការពារ កុមារឱ្យមានលក្ខណៈប្រទាក់ក្រឡាជាពហុវិស័យនៅក្នុងសហគមន៍ ជាពិសេសការជួយដល់ កុមារគ្រប់វិស័យ។

៩- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ការអភិវឌ្ឍ ធនធានមនុស្ស តាមរយៈការបង្កើនការអប់រំ ផ្សព្វផ្សាយ ពង្រឹងកិច្ចការពារ និងពិនិត្យតាមដានការអនុវត្ត សិទ្ធិកុមារពីថ្នាក់ជាតិដល់ ថ្នាក់ក្រោមជាតិ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner