ផ្ទាំងទឹកកកដ៏ធំបំផុតរបស់ពិភពលោកបាក់ដាច់ចេញនៅទ្វីបអង់តាក់ទិក កំពុងបង្កការភ្ញាក់ផ្អើលដល់មនុស្សជាតិ និងការព្រួយបារម្ភពីបញ្ហាប្រែប្រួលអាកាសធាតុ (មានវីដេអូ)

បរទេស៖ ទីភ្នាក់ងារអវកាសអឺរ៉ុបបានអោយដឹងថ្មីៗនេះថា ផ្ទាំងទឹកកកខ្នាតយក្ស មួយ ដែលធំជាងកោះ ម៉ាចូកា (Majorca) របស់ប្រទេសអេស្ប៉ាញនោះ បានកាត់ចេញពីគែមទឹកកកនៃទ្វីបអង់តាក់ទិកចូលទៅក្នុងសមុទ្រ វេដឌែល (Weddell) ដោយវាបានក្លាយជាផ្ទាំងទឹកកកដ៏ធំជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងបណ្តោយប្រវែង១៧០គីឡូម៉ែត្រ និងទទឹង២៥គីឡូម៉ែត្រឯណោះ ។
ទីភ្នាក់ងារអវកាសអឺរ៉ុបបន្តថា វាត្រូវបានគេដាក់ឈ្មោះថា A-76 តាមតំបន់អង់តាក់ទិកដែលជាកន្លែងដែលវាត្រូវបានគេប្រទះឃើញដំបូង ដោយផ្ទាំងទឹកកកនេះបានបែកចេញពីកន្លែងតំរងទឹកកក ហ្វិចណឺ រុន (Filchner-Ronne) ហើយឥឡូវកំពុងអណ្តែតនៅសមុទ្រ វេដឌែល នៃមហាសមុទ្រអង់តាក់ទិក ។ ទន្ទឹមគ្នា ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវមកពីគ្រប់ទិសទីលើពិភពលោក នឹងរក្សាការតាមដានទីតាំងនិងស្ថានភាពរបស់ផ្ទាំងទឹកកក នៅពេលវាអណ្តែតឆ្ងាយពីទ្វីបអង់តាក់ទិក ដើម្បីធ្វើការព្រមានកប៉ាល់ណាដែលអាចស្ថិតនៅក្នុងតំបន់ ដើម្បីជៀសវាងវា ក៏ដូចជាធ្វើឱ្យប្រាកដថា វានឹងមិនមកជិតនឹងផ្ទៃដីមុនពេលវារលាយ ។
សូមរំលឹកផងដែរថា ផ្ទាំងទឹកកកដ៏ធំសម្បើមមួយ ដែលមានឈ្មោះថា A-68 បានទាក់ទាញចំណាប់អារម្មណ៍ពិភពលោក បន្ទាប់ពីវាបានបែកចេញនៅឆ្នាំ ២០១៧ មុនពេលរលាយបាត់ខ្លួនបាននៅដើមឆ្នាំ២០២១នេះ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner