ទីលានបាញ់កីឡាកាំភ្លើងស្តង់ដារអន្តរជាតិ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នឹងក្លាយជាដែកឆក់ស្រូបទាញភ្ញៀវទេសចរណ៍យ៉ាងមកកាន់កម្ពុជា

សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានសម្រេចជ្រើសរើសយកទីតាំងឧទ្យានជាតិរៀម ក្នុងទឹកដីខេត្តព្រះសីហនុ សម្រាប់សាងសង់ទីលានកីឡាបាញ់កាំភ្លើង សម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខណៈជាទីលានជាលក្ខណស្តង់ដារអន្តរជាតិមួយនេះ នឹងក្លាយជាដែកឆក់ស្រូបទាញភ្ញៀវទេសរចណ៍អន្តរជាតិមកកាន់កម្ពុជាយ៉ាងច្រើន ។


គួរបញ្ជាក់ថា ទីលានដែលសហព័ន្ធកីឡាបាញ់កាំភ្លើង សម្រេចដំណើរការសាងសង់នៅពេលខាងមុខនេះ ជាទីលានកម្រិតស្តង់ដារអន្តរជាតិ សម្រាប់បំរើដល់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងការប្រកួតកម្រិតអន្តរជាតិផ្សេងៗ លើទំហំផ្ទៃដីសរុប២៥ហិចតា ដែលសហព័ន្ធចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន YEEJIA Tourism Development Company LTD ស្តីពីកិច្ចសហការ សាសង់ និងផ្គត់ផ្គង់ ក្នុងតំបន់ទេសចរណ៍ រាម ប៊ូទិក ។


ឯ ឧ មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានថ្លែងបញ្ជាក់ នៅក្នុងពិធីចុះអនុសារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន YEEJIA Tourism Development Company LTD ថា ទីលានបាញ់កាំភ្លើងស្តង់ដានេះ គឺសហព័ន្ធកំណត់ពេលវេលាសាងសង់ត្រឹមតែ១ឆ្នាំប៉ុណ្ណោះ ដើម្បី ប្រើប្រាស់ សម្រាប់ក្រុមជម្រើសជាតិបាញ់កាំភ្លើង ស្នាក់នៅ ហ្វឹកហាត់អភិវឌ្ឍសមត្ថភាពត្រៀមការប្រកួតកម្រិតអន្តរជាតិនានា ពិសេសស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្តង ។ ឯ ឧ ប្រធានសហព័ន្ធ អះអាងទៀតថា ទីលានកម្រិតស្តង់ដារមួយនេះ វាមិនត្រឹមជាកន្លែងសម្រាប់ហ្វឹកហាត់ និងប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាដែកឆក់ស្រូបទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្តផងដែរ ។

ដូច្នោះហើយ ទីលានបាញ់កាំភ្លើងនេះ នឹងក្លាយជាចលករទាក់ទាញកំណើនភ្ញៀវទេសចរណ៍មកកំសាន្តនៅខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត ។ ឯ ឧ បានគូបញ្ជាក់ទៀតថា មូលហេតុដែលសហព័ន្ធសម្រេចជ្រើសរើសយកឧទ្យានជាតិ រាម ខេត្តព្រះសីហនុ ធ្វើជាទីលានដោយសហព័ន្ធមើលឃើញថា នៅរាជធានីភ្នំពេញ មានកីឡាច្រើនប្រភេទប្រកួតហើយ ដូច្នោះ ខេត្តព្រះសីហនុ គឺជាគោលដៅទេសរចណ៍តំបន់ឆ្នេរដ៏មានសក្តានុពលមួយ សម្រាប់ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ ជាពិសេសកីឡាករ កីឡាការិនីអន្តរជាតិ ។


លោក ហ្វូ ស៊ានធីង អគ្គនាយកក្រុមហ៊ុន YEEJIA Company មានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងជាមួយសហព័ន្ធ ដើម្បីសាងសង់ទីលានកីឡាបាញ់កាំភ្លើងស្តង់ដាអន្តរជាតិ ដោយក្រុមហ៊ុនមើលឃើញថា កីឡាបាញ់កាំភ្លើងជាប្រភេទសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ។ ដូច្នោះការផ្តល់ជូនទីតាំងនេះ វាប្រភពទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្ត នៅខេត្តព្រះសីហនុ និងនៅរមណីដ្ឋានរបស់លោកកាន់តែច្រើនផងដែរ ។ លោក អគ្គនាយក អះអាងថា ក្រុមហ៊ុននឹងជួយសាងសង់ទីលាន ជូនសហព័ន្ធ ដើម្បីបំរើរដល់ការហ្វឹកហាត់ របស់កីឡាករ កីឡាការិនី និងការទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម ប្រកបដោយជោគជ័យ ។


សូមបញ្ជាក់ថា ទីលានកីឡាបាញ់កាំភ្លើង សម្រាប់ទទួលធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម សាងសង់នៅឧទ្យានជាតិរាម ខេត្តព្រះសីហនុ លើទំហំផ្ទៃដី២៥ហិចតា អាចនឹងប្រើប្រាស់ថវិកាប្រមាណជា២ទៅ៣លានដុល្លារអាមេរិក ។ ខណៈខេត្តព្រះសីហនុ គឺគោលដៅមួយ ក្នុងចំណោមគោលដៅសំខាន់ទាំង៥ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រៅពីកីឡាបាញ់កាំភ្លើង កីឡាទូកក្តោង និងម៉ូតូទឹកក៏ធ្វើ នៅខេត្តព្រះសីហនុដែរ ។ ស្របពេលដែល ខេត្តកំពត ទទួលរៀបចំកីឡាប្រណាំងទូកនាគ ទូកកានូ កាយ៉ាក និងរ៉ូអ៊ីង ឯខេត្តកែប កីឡាទ្រីយ៉ាត្លង់ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner