អ្នកនាំពាក្យក្រសួងព័ត៌មាន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឆ្លើយតបទៅនឹងការលើកឡើងអំពីការបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មានរបស់ក្រុមសង្គមស៊ីវិលមួយចំនួន
ភ្នំពេញៈអ្នកនាំពាក្យក្រសួងព័ត៌មាន បានឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលថា រដ្ឋាភិបាលបានរារាំងមិនឲ្យអ្នកសារព័ត៌មានរាយការណ៍ពីករណីឆ្លងរាលដាលនៃជំងឺកូវីដ១៩នោះ គឺជាការមួលបង្កាច់ មានចេតនាមិនល្អចំពោះរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាផលប្រយោជន៍នយោបាយ និងការពារផលប្រយោជន៍ក្រុមគោលដៅនយោបាយ ដែលជាសកម្មជនរបស់ពួកគេតែប៉ុណ្ណោះ។
ការឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងព័ត៌មានបានធ្វើឡើងបន្ទាប់ពីអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួន បានអំពាវនាវដល់រដ្ឋាភិបាលឱ្យបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារមកលើសេរីភាពនៃការបញ្ចេញមតិ និងអ្នកសារព័ត៌មាននៅក្នុងបរិបទជំងឺកូវីដ១៩។
ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានប្រាប់ AMS នៅព្រឹកថ្ងៃទី២៧ខែឧសភាថា ការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន គឺបានបង្កប់នៅចេតនាមិនល្អចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា។ ការលើកឡើងនេះ គឺដើម្បីតែជាផលប្រយោជន៍នយោបាយរបស់ក្រុមពួកគេ និង ក្រុមគោលដៅរបស់ពួកគេនៅក្នុងចេតនាមិនល្អចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើតែផលប្រយោជន៍នយោបាយរបស់ក្រុមពួកគេ ក៏ដូចជាផលប្រយោជន៍ និងការពារផលប្រយោជន៍ក្រុមគោលដៅដែលជាសកម្មជននយោបាយរបស់ពួកគេតែប៉ុណ្ណោះ។ ការលើកឡើងនេះ មិនបានឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែងក៏ដូចជាបរិយាកាសពិតប្រាកដនៅក្នុងការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ ក៏ដូចជាសិទ្ធិសរីភាពសារព័ត៌មាននៅកម្ពុជានោះទេ។
អ្នកនាំពាក្យដដែលបានបន្តថា នៅក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ បណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក ក៏ដូចជា កម្ពុជាបានដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីធ្វើយ៉ាងណាធានាបាននូវផលប្រយោជន៍សាធារណៈ ក៏ដូចជាសុខភាពសាធារណៈ និងគោលបំណងធ្វើយ៉ាងណាឱ្យព្រះរាជាណាចក្រកម្ពុជាអាចកាត់ផ្តាច់ពីការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍ជាទ្រង់ទ្រាយធំបាន។ ការដាក់ចេញនៅវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធក្នុងគោលបំណងតែមួយគត់ គឺដើម្បីបម្រើផលប្រយោជន៍សាធារណៈ បម្រើសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋមិនដូចជាការលើកឡើងរបស់អង្គការសង្គមស៊ីវិលមួយចំនួននោះទេ។ ការលើកឡើងរបស់ពួកគេ ដើម្បីតែផលប្រយោជន៍នយោបាយ និងទាក់ទាញប្រជាប្រិយភាព និងការគាំទ្រទៅដល់ពួកគេតែប៉ុណ្ណោះ ហើយវាជារឿងដដែលៗដែលមិនមានអ្វីប្លែកនោះទេ។ អ្នកនាំពាក្យបានបញ្ជាក់ថា សេរីភាពនៃការបញ្ចេញមតិក៏ដូចជាសេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវធានាដោយច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះការអនុវត្តនៅសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិសេរីភាពខាងសារព័ត៌មាន គឺត្រូវផ្សារភ្ជាប់ទៅនឹងការអនុវត្តច្បាប់ក៏ដូចជាករណីយកិច្ចនិងកាតព្វកិច្ច ដែលបុគ្គលគ្រប់រូមត្រូវចូលរួមអនុវត្ត ដើម្បីធានាបាននូវការបញ្ចេញមតិក៏ដូចជាសេរីភាពខាងសារព័ត៌មានដោយត្រឹមត្រូវ និងអនុវត្តទៅតាមច្បាប់ដែលមានជាធរមាន។
ចំណែកលោក កត្តា អន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍ប្រាប់ AMS ថា ការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលអន្តរជាតិមួយចំនួននេះ គឺជាការយល់ច្រឡំមកលើកម្ពុជា ដោយសារក្រុមសង្គមស៊ីវិលទាំងនោះ បានទទួលព័ត៌មានពីអ្នកបញ្ជូនពីខាងក្នុងប្រទេសកម្ពុជាទៅ ដែលជាហេតុធ្វើឱ្យមានការវាយតម្លៃ និងភ័ន្តច្រឡំមកលើស្ថានការណ៍ ស្ថានភាពនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដនៅកម្ពុជា។ វិធានការរដ្ឋាភិបាល វិធានការក្រសួងសុខាភិបាល គឺធ្វើយ៉ាងណាមិនឲ្យមានការចម្លងរវាងពីតំបន់មួយទៅតំបន់មួយ បានជានៅកម្ពុជាចែកជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ដែលជាវិធានការយុទ្ធសាស្ត្រនៅក្នុងការទប់ស្កាត់ នៅក្នុងការបិទខ្ទប់ នៃការរីករាលដាល។ ប៉ុន្តែពាក់ព័ន្ធទៅនឹងសារព័ត៌មាន តំបន់ក្រហម គឺតំបន់រាំងខ្ទប់មិនអាចឲ្យមានអ្នកណាចូលបានទេ បើសិនជាអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលទៅក្នុងនោះ គឺអាចនឹងមានការឆ្លងជំងឺទៅដល់អ្នកសារព័ត៌មាន ឬមួយក៏អាចមានការចម្លងពីអ្នកសារព័ត៌មានទៅប្រជាពលរដ្ឋនៅក្នុងសហគមន៍នៃតំបន់ក្រហម។ ហេតុនេះហើយបានជារារាំងមិនឱ្យមានការតំបន់ក្រហមដោយសេរី។ គោលការណ៍នេះ វាមិនមែននជាការបិទមាត់ បិទសំឡេងសារព័ត៌មាន បិទសេរីភាពបញ្ចេញមតិនោះទេ។
លោកបានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា មានការបើកចំហដោយសេរីចំពោះការបញ្ចេញមតិ ការយកព័ត៌មានផ្សព្វផ្សាយព័ត៌មាននៅក្នុងបណ្តាញសោតទស្សន៍ផ្សេងៗ នៅក្នុងបណ្តាញទូរគមនាគមន៍ផ្សេងៗ ជាពិសេសបណ្តាញសង្គម ដែលជាសេរីភាពទូលំទូលាយ។ សេរីភាពនេះ គឺធំធេងបើប្រៀបធៀបទៅនឹងបណ្តាប្រទេសនៅក្នុងតំបន់នៃប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោក។ ការចេញបម្រាមមួយចំនួនចំពោះអ្នកសារព័ត៌មាននៅក្នុងការយកព័ត៌មានដែលពាក់ព័ន្ធទៅនឹងសន្តិសុខ ពាក់ព័ន្ធទៅនឹងការស៊ើបអង្កេតរបស់សមត្ថកិច្ច មានន័យថា នៅក្នុងពេលដែលសមត្ថកិច្ចធ្វើការស៊ើបអង្កេត ដូច្នេះករណីខ្លះមិនទាន់អាចឱ្យមានការយកព័ត៌មានទេ ពីព្រោះការយកព័ត៌មានទៅផ្សព្វផ្សាយដោយផ្ទាល់នៅកន្លែងនេះ វាអាចធ្វើឲ្យសមត្ថកិច្ចរងគ្រោះថ្នាក់ ធ្វើឲ្យបែកការណ៍ ឬធ្វើឲ្យជនល្មើសរត់គេចខ្លួនបាត់។ ដូច្នេះហើយសមត្ថកិច្ចមានសិទ្ធិនៅក្នុងការរារាំងក្នុងការឲ្យអ្នកសារព័ត៌មានរង់ចាំចំពោះលទ្ធផលនៃការស៊ើបអង្កេតមួយចំនួន ដែលសមត្ថកិច្ចបានមានវិធានការប្រឆាំងទៅនឹងបទល្មើស៕
ដោយៈពលជ័យ