ក្រសួងយុត្តិធម៌ព្រមានអ្នកប្រឆាំងកិច្ចសហការក្រសួងសុខាភិបាល
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងព្រមានចំពោះអ្នកណាដែលមិនសហការជាមួយនឹងក្រសួងសុខាភិបាល ក្នុងការយក វត្ថុ សំណាកវិភាគរកមេរោគកូវីដ១៩។ មន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងបញ្ជាក់ថាអ្នកមិនសហការនោះ អាចត្រូវពិន័យអន្តរការណ៍ពី១លានរៀល ទៅ ៥លានរៀល និងអាចជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។ ប្រសាសន៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាពនាព្រលប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានធ្វើ ឡើងនៅបន្ទាប់ពីមានសេចក្តីរាយការណ៍ក្រុមកម្មករ ក្នុងក្រុងបាវិតខេត្តស្វាយរៀង ផ្អើលឈូរឆររត់ចេញពីកន្លែង ធ្វើតេស្តយកសំណាក ដែលជាអំពើផ្ទុយនឹងច្បាប់។
យោងតាមច្បាប់ អំពើមិនសហការដែលផ្ទុយនឹងច្បាប់នេះ និងតម្រូវអោយផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១លានរៀល ទៅ ៥លានរៀល ហើយការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើស នេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្រ្តីសុខាភិបាល យកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ បើយោង តាមមាត្រា២១ នៃអនុក្រឹត្យលេខ៥៧ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ យោងតាមច្បាប់អ្នកផ្តើមគំនិត និងអ្នក ចូលរួមបង្កការរារាំងដល់ការអនុវត្តវិធានការសុខាភិបាល នេះ អាចជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ យោងតាមមា ត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕