សម្ដេចប្រធានរដ្ឋសភា បានប្រគល់រថយន្តសង្រ្គោះបន្ទាន់មួយគ្រឿងដល់មន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ដែលជាអំណោយរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៨ឧសភា ឆ្នាំ២០២១ ដើម្បីឆ្លើយតបតម្រូវការខាងវិស័យសុខាភិបាលនៅក្នុងខេត្ត ពិសេសក្នុងគ្រានៃការរីករាលដាលវីរុសកូវីដ-១៩។

ក្នុងពិធីប្រគល់ជូនរថយន្តសង្រ្គោះបន្ទាន់ដល់មន្ទីរពេទ្យបង្អែក ដែលរៀបចំធ្វើនៅគេហដ្ឋានផ្ទាល់របស់សម្តេច ស្ថិតនៅភូមិអន្លងជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងថា រថយន្តសង្គ្រោះបន្ទាន់មានសារៈសំខាន់ណាស់ សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ដែលមានជំងឺ និងរងគ្រោះថ្នាក់ផ្សេងៗ ជាពិសេសការដឹងជញ្ជូនពលរដ្ឋដែលបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ ឲ្យបានទាន់ពេលវេលា ទៅព្យាបាលនៅមន្ទីរពេទ្យ។

ជាមួយគ្នានោះ សម្តេច បានថ្លែងអំណរគុណ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ពិសេសក្រុមគ្រូពេទ្យ កងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅក្នុងការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹងពីជំងឺកូវីដ-១៩ និងវិធានការការពារនានា ពិសេសការយកចិត្តទុកដាក់ដល់ការព្យាបាលអ្នកជំងឺ ការថែទំាសុខភាពប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័ក្កដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តរាល់វិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយមិនត្រូវធ្វេសប្រហែសឡើយ ពីព្រោះជំងឺកូវីដ-១៩ នៅតែគំរាមកំហែងសង្គមជាតិខ្លាំងក្លានៅឡើយ។ សម្តេចបានគូសបញ្ជាក់ថា ការអនុវត្តតាមវិធានច្បាប់និងវិធានសុខាភិបាល “៣ការពារ និង ៣កុំ” ឱ្យបានខ្ជាប់ខ្ជួន ជាមួយនិងការទៅទទួលវ៉ាក់សំាងដោយឥតគិតថ្លៃដែលរាជរដ្ឋាភិបាលកំពុងផ្តល់ជូន គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពខ្ពស់បំផុត ដែលអាចឲ្យយើងគ្រប់គ្នាគេចផុតពីជំងឺដ៍កាចសាហាវនាពេលនេះ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner