កម្ពុជាជាម្ចាស់ផ្ទះកំណត់ថ្ងៃនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប

អត្ថបទដោយ៖
reachea

  ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកកាលបរិច្ឆេទថ្ងៃទី២៥និងថ្ងៃទី២៦វិច្ឆិកា ឆ្នាំ ២០២១ ដើម្បីធ្វើជា ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។ កិច្ចប្រជុំកំពុលអាស៊ី-អឺរ៉ុប លើកទី១៣ដែលកម្ពុជាគ្រោង នឹងធ្វើជាម្ចាស់ផ្ទះ ត្រូវបានលើកពេលជាបន្តបន្ទាប់ដោយសារតែជម្ងឺឆ្លងរាតត្បាតកូវីដ១៩។ ការពន្យាពេលពីឆ្នាំ ២០២០ គ្រោងមកពាក់កណ្តាលឆ្នាំ២០២១ និងពន្យាពីពាក់កណ្តាលឆ្នាំនោះ មកចុងឆ្នាំវិញដោយសារតែវិបត្តិនៃ ជម្ងឺកូវីដ១៩មិនទាន់បានស្រាកស្រាន។ យោងតាមលិខិតជូនដំណឹងថ្ងៃទី២៦ឧសភារបស់គណៈកម្មាធិការជាតិ រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប, សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី បានឯកភាពកំណត់យកកាលបរិច្ឆេទ ថ្ងៃទី២៥និងថ្ងៃទី២៦វិច្ឆិកាឆ្នាំ២០២១ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។ កិច្ចប្រជុំកំពូលអាស៊ី- អឺរ៉ុបលើកទី១៣ នៅចុងខែវិច្ឆិកាឆ្នាំ ២០២១នេះ នឹងផ្តោតសំខាន់លើប្រធានបទ “ពហុភាគី និយមលើវិស័យនយោបាយសេដ្ឋកិច្ច” ដោយមានឥស្សរជនកំពូលៗនៃប្រទេសចូលរួមជាង៥០ប្រទេស មកពី ទ្វីបអឺរ៉ុប និងអាស៊ី និងមានមេដឹកនាំអង្គការអន្តរជាតិធំៗចូលរួម។ សូមជម្រាបថា ថាកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១២ មុននេះ បានធ្វើឡើងនៅខែតុលាឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ីក ។ កិច្ចប្រជុំ លើកទី១២ពេលនោះ បានស្ថិតក្រោម ប្រធានបទ៖ កសាងអនាគតជាមួយគ្នា : ការលើកម្ពស់កំណើនប្រកប ដោយបរិយាប័ន្ន និងការតភ្ជាប់ប្រកបដោយចីរភាព៕

ads banner