ចិនស្នើអោយសហរដ្ឋអាមេរិកសហការជាមួយ WHO ក្នុងការស៊ើបអង្កេតរកប្រភពដើមនៃវីរុស Covid-19 (មានវីដេអូ)
ស្វីស៖ ប្រទេសចិនបានអំពាវនាវអោយសហរដ្ឋអាមេរិកធ្វើការជាមួយអង្គការសុខភាពពិភពលោក (WHO) ជាបន្ទាន់ស្តីពីប្រភពដើមនៃវីរុសកូរ៉ូណា ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ ដូចដែលចិនបានធ្វើ ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្សាវ លីជៀន បានបញ្ជាក់នៅក្នុងសន្និ សីទសារព័ត៌មានថា នៅពេលអាមេរិកស្នើចិនម្តងជាពីរដងអោយចូលរួមក្នុងការស៊ើបអង្កេតអន្តរជាតិពិស្តារ ប្រកបដោយតម្លាភាព និងផ្អែកលើភស្តុតាង ដូច្នេះអាមេរិកគួរតែឆ្លើយតបនឹងការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ អំពីលទ្ធភាពផ្ទុះចេញវីរុសឆ្លងនេះពីកន្លែងពិសោធន៍រាប់រយរបស់សហរដ្ឋអាមេរិក ។ ការអត្ថាធិប្បាយខាងលើនេះរបស់ចិន ត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានជំរុញអោយអង្គការសុខភាពពិភពលោក (WHO) បើកការស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូរ៉ូណាដំណាក់កាលទីពីរ ដោយឱ្យក្រុមអ្នកជំនាញឯករាជ្យមានសិទ្ធិប្រើប្រាស់ទិន្នន័យ និងសំណាកដើមទាំងអស់នៅក្នុងប្រទេសចិន ។ សូមរំលឹកថា ក្រុមស្រាវជ្រាវដឹកនាំដោយ WHO ដែលចំណាយពេល៤សប្តាហ៍នៅក្នុង និងជុំវិញទីក្រុងវូហាន កាលពីខែមករា និងខែកុម្ភៈ ជាមួយក្រុមអ្នកស្រាវ ជ្រាវចិនបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីខែមីនាថា វីរុសកូរ៉ូណាប្រហែលជាត្រូវបានចម្លងពីសត្វប្រចៀវទៅមនុស្ស តាមរយៈសត្វមួយផ្សេងទៀតហើយដូច្នេះការបើកផ្លូវឱ្យស្រាវជ្រាវអំពីឧបទ្ទវហេតុក្នុងមន្ទីរពិសោធន៍ទំនងមិនអាចកើតឡើងបានឡើយ ៕ ប្រភព៖ CNA