នាយកដ្ឋាននគរបាលការពារព្រំដែនគោក ទទួលរថយន្តសង្គ្រោះបន្ទាន់១គ្រឿងពី ស.ស.យ.ក
ភ្នំពេញ ៖ លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក រាជធានីភ្នំពេញ តំណាងឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ចំនួន ០១ គ្រឿង ដែលជាអំណាយរបស់ ស.ស.យ.ក ជូន លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុការងារសង្គ្រោះបន្ទាន់បងប្អូននគរបាលដែលកំពុងប្រចាំការការពារតាមបន្ទាត់ព្រំដែន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជុំវិញបុស្តិ៍ព្រំដែន។
ការចូលរួមចំណែកនេះ ជាបុព្វហេតុ និងបេសកកម្មរបស់ ស.ស.យ.ក ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបំពាក់សម្ភារបច្ចេកទេសជូនដល់កងកម្លាំងនគរបាលការពារជួរមុខដើម្បីប្រើប្រាស់គាំទ្រដល់សុខុមាលភាព និងសុខសុវត្ថិភាពពេលកំពុងបំពេញភារកិច្ចបម្រើជាតិមាតុភូមិ ការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ វិនិយោគិន និងភ្ញៀវបរទេសដែលធ្វើដំណើរឆ្លងកាត់ចូលមកក្នុងប្រទេសកម្ពុជា ឱ្យទទួលបាននូវភាពកក់ក្តៅ និងធ្វើពលិកម្មឥតរាថយនៅលើសមរភូមិមុខ ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា ចំពោះអំណោយជារថយន្តសង្គ្រោះនេះ ពិេសសនឹងយកប្រើប្រាស់ឲ្យចំគោលដៅ ក្នុងបុព្វហេតុជាតិមាតុភូមិ ៕ ដោយ / គ្រី សម្បត្តិ