សម្តេចហ៊ុនសែនគ្រោងចូលរួមកិច្ចប្រជុំកំពូលP4Gឆ្នាំ២០២១រៀបចំដោយប្រធានាធិបតីកូរេខាងត្បូង
សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលបរិស្ថានមួយនាសប្តាហ៍ក្រោយដែលនឹងរៀប ចំឡើងដោយប្រធាធិបតីនៃប្រទេសកូរេខាងត្បូងតាមប្រព័ន្ធវីដេអូ Conference ។ កិច្ចប្រជុំកំពូល សេអ៊ូលP4G ឆ្នាំ២០២១នៅថ្ងៃទី៣១ឧសភា នឹងប្រព្រឹត្តទៅក្រោមប្រធានបទ”ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាប័ន្ន ដើម្បីសម្រេចបាននូវ អព្យាក្រឹតភាពកាបោន”។ សម្ដេចតេជោហ៊ុន សែន គ្រោងនឹងថ្លែងសុន្ទរកថាលើប្រធានបទ “ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺកូវីដ-១៩”។
សន្និសីទកំពូលនោះ ត្រូវគេបញ្ជាក់ស្ថិតក្នុងគោលបំណងរៀបចំភាពជាដៃគូសម្រាប់ ការអភិវឌ្ឍបៃតង និងគោល ដៅសកលឆ្នាំ២០៣០ ដែលជាយន្តការដាក់ចេញដើម្បីកសាងកាន់តែប្រសើរ, និងកាន់តែមានភាពបៃតង ក្នុង ទសវត្សនេះដែលជាទសវត្សត្រូវធ្វើសកម្មភាព។ កិច្ចប្រជុំកំពូលថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយនឹងផ្តោតទៅលើទិដ្ឋភាព សំខាន់ៗមួយចំនួន រួមមាន ១-ភាពចាំបាច់ក្នុង ការកែសម្រួលគោលនយោបាយ និងធនធានដើម្បីអាចជម្នះដោយ ជោគជ័យលើជំងឺរាតត្បាតកូវីដ-១៩។ទី ២-ផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុទៅលើសន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និង៣- សារៈ សំខាន់នៃការស្ដារបៃតងឡើងវិញសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ យោងតាមក្រសួងការបរទេស កម្ពុជា សម្ដេចតេជោហ៊ុនសែននឹងគ្រោងចែករំលែកនូវអនុសាសន៍ ទូលំទូលាយ និងប្រាកដ ដល់កិច្ចប្រជុំកំពូល ផងដែរ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ ក្រោយវិបត្តិ ជំងឺកីវីដ-១៩៕