អត្ថបទនយោបាយ៖ ត្រូវយកឈ្នះឲ្យបានទាំងជំងឺកូវីដ-១៩ និងសង្គ្រាមចិត្តសាស្ត្ររបស់ពួកប្រឆាំង

ជំងឺកូវីដ-១៩ កំពុងតែធ្វើឲ្យពិភពលោកទាំងមូលធ្លាក់ក្នុងស្ថានភាពកោលាហលនៅលើគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាជន និងការផ្សព្វផ្សាយតាមរយៈប្រព័ន្ធព័ត៌មានវិទ្យានូវដំណឹងក្លែងក្លាយ មានលក្ខណៈជាសង្គ្រាមចិត្តសាស្ត្រ ដែលធ្វើឲ្យប៉ះទង្គិចទៅដល់ប្រព័ន្ធសន្តិសុខជាតិ ជំនឿទុកចិត្ត និងសតិអារម្មណ៍របស់មនុស្សទូទៅ ។ ដោយឡែក ប្រទេសកម្ពុជាយើងក៏កំពុងប្រឈមនឹងបញ្ហានេះដូចគ្នា ហើយដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់ធ្វើការដោះស្រាយដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឈានទៅយកឈ្នះឲ្យបានលើជំងឺកូវីដ-១៩ និងសង្គ្រាមចិត្តសាស្ត្ររបស់ពួកប្រឆាំង ជុំវិញវិធានការទប់ស្កាត់ជំងឺកូវីដ-១៩នេះ ។

ជំងឺកូវីដ-១៩ ត្រូវបានរកឃើញនៅកម្ពុជាជាលើកដំបូង គឺថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ និងបន្ទាប់មកទៀតក៏បានឆ្លងកាត់នូវព្រឹត្តិការណ៍សហគមន៍ ថ្ងៃទី៣ វិច្ឆិកា និងព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២០ ដែលនៅក្នុងពេលនោះមានអ្នកឆ្លងជំងឺនេះចំនួន ៤៨៦នាក់ និងព្យាបាលឲ្យជាសះស្បើយចំនួន ៤៧០នាក់ ដោយពុំមានអ្នកស្លាប់ទេ ។ ប៉ុន្តែព្រឹត្តិការណ៍សហគមន៍ថ្ងៃទី ២០ កុម្ភៈ ដែលបានអូសបន្លាយរហូតមកដល់ពេលនេះ បានធ្វើឲ្យប្រទេសយើងទទួលរងនូវផលប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ ដែលរាជរដ្ឋាភិបាលកំពុងប្រឈមដោះស្រាយ ។ យើងគប្បីរំឭកថា តាំងពីពេលដែលជំងឺកូវីដ-១៩ កើតមាននៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការអន្តរាគមន៍បន្ទាន់ ដើម្បីប្រយុទ្ធនឹងជំងឺនេះផង និងដើម្បីធានាឲ្យបាននូវការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងធានាចីរ-ភាពសង្គមជាតិផង ។

រាជរដ្ឋាភិបាលក៏បានស្វះស្វែងរកវ៉ាក់សាំងក្នុងពេលដែលពិភពលោកស្រាវជ្រាវរកឃើញប្រកបដោយប្រសិទ្ធភាព ដើម្បីយកមកចាក់ជូនប្រជាជន ដែលតាំងពីពេលនោះរហូតមកដល់បច្ចុប្បន្នសម្តេចតេជោ ហ៊ុន សែន តែងបានកំណត់យ៉ាងច្បាស់លាស់ថា វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀត ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ-១៩ ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឲ្យបានលឿន តាមដែលអាចធ្វើទៅបាន និងខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាជនជាបន្តបន្ទាប់ ឲ្យបានរហូតដល់ជាង ១០លាននាក់ ។

ចំពោះពួកប្រឆាំងផ្កាប់មុខវិញ តើបានជួយធ្វើអ្វីខ្លះ ដើម្បីរួមចំណែកកាត់បន្ថយឧបសគ្គ និងការលំបាករបស់ប្រជាជនក្នុងស្ថានភាពនៃការវាយលុកពីជំងឺកូវីដ-១៩នេះ? គឺគ្មានទាល់តែសោះ ។ ពួកនេះបានត្រឹមតែបង្កើតសង្គ្រាមចិត្តសាស្ត្របំពុលសង្គម ធ្វើវិទ្ធង្សនាសេដ្ឋកិច្ច ជាពិសេសគឺការឃោសនាជុំវិញវ៉ាក់សាំងជំងឺកូវីដ-១៩ ក៏ដូចជាការនិយាយបំផ្លើស បំភ្លៃ អុចអាល ញុះញង់ទៅលើបណ្តាវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ដែលរាជរដ្ឋាភិបាលបានដាក់ចេញតែប៉ុណ្ណោះ ។ ក្នុងពេលដែលពិភពលោកមិនទាន់រកឃើញវ៉ាក់សាំង ពួកគេចោទថា រាជ រដ្ឋាភិបាលមិនយកចិត្តទុកដាក់ក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាជន ។

នៅពេលដែលពិភពលោកមានវ៉ាក់សាំង ហើយរាជារដ្ឋាភិបាលបានទទួលជាអំណោយ និងជាការទិញដូរពីប្រទេសក្រៅ និងអង្គការកូវ៉ាក់ គេបែរជាញុះញង់កុំឲ្យប្រជាជនទៅទទួល ព្រោះជាវ៉ាក់សាំងរបស់ចិន អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ។ នៅពេលដែលកម្ពុជាមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ គេបំផុសប្រជាជនទាំងអស់ឲ្យនាំគ្នាទៅចាក់វ៉ាក់សាំង ព្រមពេលតែមួយ ដែលពេលនោះកុំថាឡើយដល់ទៅខ្វះវ៉ាក់សាំង ទោះបីជាមានគ្រប់ ក៏យើងមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចាក់ជូនប្រជាជនក្នុងពេលតែមួយផងដែរ ។ ល្បិចកលបែបនេះមើលទៅគឺឃើញនៅលើគោកតែម្តង ។

ពីមុនគេប្រឆាំង គេប្រមាថ ហើយគេហាមឃាត់ប្រជាជនមិនឲ្យទៅចាក់វ៉ាក់សាំងរបស់ចិន ប៉ុន្តែក្រោយមកគេបែរជាជំរុញឲ្យប្រជាជននាំគ្នាសម្រុកទៅចាក់វ៉ាក់សាំងរបស់ចិនដដែល ក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងតែប្រឹងប្រែងយកអស់លទ្ធភាព ដើម្បីស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាជន និងក្នុងពេលដែលពិភពលោកទាំងមូលកំពុងប្រឈមនឹងកង្វះវ៉ាក់សាំង ។ ដោយឡែក ថ្មីៗនេះទៀត នៅពេលរាជរដ្ឋាភិបាលអនុវត្តវិធានការបិទខ្ទប់ ដោយបែងចែកជាតំបន់ក្រហម-លឿងទុំ-លឿង ដោយមានការចែកជូនអំណោយឧបត្ថម្ភ ក៏ដូចជាគោលនយោបាយជំនួយសង្គមដទៃទៀត តែពួកប្រឆាំងរួមទាំងមជ្ឈដ្ឋានអគតិ បែរជាឃោសនាថា យើងបំបិទសិទ្ធិសេរីភាពប្រជាជនទៅវិញ ។

ជាក់ស្តែងដោយសារតែយើងអនុវត្តវិធានការនេះបានទាន់ពេលវេលា ទើបធ្វើឲ្យចំនួននៃការឆ្លងជំងឺកូវីដ-១៩ មាននិន្នាការថយចុះពីមួយថ្ងៃទៅមួយថ្ងៃ, តំបន់បិទខ្ទប់កាន់តែត្រូវបានបំព្រួញ, តំបន់ក្រហម និងលឿងទុំត្រូវបានកាត់បន្ថយយ៉ាងច្រើន ធ្វើឲ្យដំណើរការជីវភាពសង្គម ធានាបានស្ថិរភាព ។ វាគ្មានអ្វីចំឡែកទេថា ពិភពលោកទាំងមូលក៏បានប្រើប្រាស់វិធានការនេះដូចគ្នា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។

គោលបំណងរបស់ពួកប្រឆាំងបង្កើតឲ្យមានមហន្តរាយ និងគ្រោះហានិភ័យនៅលើទឹកដីកម្ពុជាយើង តែងតែទទួលបរាជ័យជាបន្តបន្ទាប់ ។ ប្រជាជនកម្ពុជាសុទ្ធតែបានមើលឃើញច្បាស់ហើយពីឧបាយកលនយោបាយទុច្ចរឹត និងថោកទាបនេះ ។ ប្រជាជននៅតែសម្តែងក្តីជឿជាក់ និងដាក់ការសង្ឃឹមយ៉ាងមុតមាំទៅលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ មាតុភូមិយើងនឹងជម្នះបានបញ្ហាប្រឈម ហានិភ័យ និងឧបសគ្គទាំងឡាយដែលបណ្តាលមកពីជំងឺកូវីដ-១៩នេះ ក្នុងពេលដ៏ខ្លីខាងមុខ ។

បច្ចុប្បន្ននេះ ក្នុងស្មារតីទទួលខុសត្រូវ រាជរដ្ឋាភិបាលបាននិងកំពុងចាត់វិធានការដោយយកចិត្តទុកដាក់បំផុតក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យបានទាន់ពេលវេលា ការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនដែលងាយរងហានភ័យពីការឆ្លងជំងឺនេះ ដោយស្ម័គ្រចិត្ត និងមិនគិតថ្លៃ ជាពិសេសវិធានការ ៣ការពារ និង ៣កុំ ព្រមទាំងវិធានការនានាស្របតាមច្បាប់ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ៕ អត្ថបទ៖ ទស្សនាវដ្ដីប្រជាជន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner