សម្តេចតេជោ ហ៊ុន សែន នឹងជួបអនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនៅល្ងាចថ្ងៃ០១ មិថុនា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជា នឹងទទួលជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy R. Sherman នៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។ ជំនួបពិភាក្សារវាងប្រទេសដឹកនាំកម្ពុជា និងអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក គឺនឹងផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម កុយ គួង បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី២៩ខែឧសភានេះថា តាមគម្រោងក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ហើយនិងជួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្តោតលើទំនាក់ទំនងទ្វេភាគី និងបញ្ហាផ្សេងៗទៀតអាស្រ័យលើភាពជាក់ស្តែង។ជាទូទៅជំនួបពិភាក្សារវាងប្រទេសនិងប្រទេស គឺនៅពេលជួបគ្នាតែងតែនិយាយពីទំនាក់ទំនងទ្វេភាគីជាបឋមហើយ។

ទាក់ទងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកមកកម្ពុជា ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា “កាលណាគេមកបំពេញទស្សនកិច្ចការងារនៅស្រុកយើង គឺសំខាន់គោលបំណងជារួមដែលយើងអាចប៉ាន់ស្មានដឹងនោះ គឺធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ”។
សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទៅកាន់ប្រទេសមួយចំនួន គឺប្រទេសបែលហ្ស៊ិក តួកគី ឥណ្ឌូនេស៊ី កម្ពុជា ប្រទេសថៃ និងចុងក្រោយរដ្ឋហាវ៉ៃ ចាប់ពីថ្ងៃ២៥ ខែឧសភា ដល់ថ្ងៃ៤ខែមិថុនា ឆ្នាំ២០២១៕ ដោយៈ ពលជ័យ