ឯកឧត្តម ម៉ម ប៊ុននាង នាំយកអំណោយដ៏ថ្លៃថ្លា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនរដ្ឋបាលស្រុកកៀនស្វាយ ខេត្តកណ្តាល
កណ្តាល ៖ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅផ្តល់ជូនរដ្ឋបាលស្រុកកៀនស្វាយ សម្រាប់ចែកជូនបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រខ្វះខាត និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ស្ថិតនៅមូលដ្ឋានស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ។
បន្ទាប់ពីស្តាប់របាយការណ៍ការងាររបស់លោកអភិបាលស្រុករួចមក ឯកឧត្តម ម៉ម ប៊ុននាង បានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលបំពេញការងារនៅរដ្ឋបាលស្រុកកៀនស្វាយ ជាពិសេសជូនប្រជាពលរដ្ឋនៅស្រុកកៀនស្វាយទាំងអស់ ប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ។
ឯកឧត្តមបានបញ្ជាក់ថា ទោះបីជាការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែសម្រាប់តំបន់មួយចំនួននៅតែប្រឈមខ្លាំងដដែល ហើយការសម្រេចបញ្ចប់ការបិទខ្ទប់នេះ មិនមែនមានន័យថាជំងឺកូវវីដ១៩ លែងមាននោះទេ ដូច្នេះ សូមអាជ្ញាធរស្រុកកៀនស្វាយ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បន្តអត់ធ្មត់ កុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែសឱ្យសោះ ត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំ និង២ចូលរួម ព្រមទាំងអនុវត្តឱ្យបានតាមវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារអាយុជីវិតយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។
អំណោយដ៏ថ្លៃថ្លា សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលប្រគល់ជូនរដ្ឋបាលស្រុកកៀនស្វាយនាឱកានោះ រួមមាន៖ ថវិកា១០លានរៀល អង្ករចំនួន០២តោន ឃីតចំនួន១០០ឃីត ដោយក្នុង០១ឃីតៗ រួមមាន៖ មី ០១កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី ទឹកស៊ីអ៊ីវ០១យួរ អំបិល០២គីឡូក្រាម ស្ករស០១គីឡូក្រាម ម៉ាស់០១ប្រអប់ និងធុងជ័រធំ ០១ធុង៕ ដោយ / គ្រី សម្បត្តិ