ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ នឹងទទួលជួបជាមួយអនុរដ្ឋមន្រ្តីការបរទេសអាមេរិក ដែលនឹងមកបំពេញទស្សនកិច្ច នៅថ្ងៃទី០១ ខែមិថុនាខាងមុខនេះ
ភ្នំពេញ៖ តាមការបញ្ជាក់របស់ ឯកត្តមកុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងទទួលជួបជាមួយ លោកជំទាវ Wendy Ruth Sherman អនុរដ្ឋមន្ត្រី ក្រសួង ការបរទេសសហរដ្ឋអាមេរិក ដែលនឹងមក បំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល ១ថ្ងៃ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ។
លោកជំទាវ Wendy Ruth Sherman ត្រូវបានក្រសួងការបរទេសអាមេរិកប្រកាសថា នឹងធ្វើដំណើរទស្សនកិច្ច១១ថ្ងៃ ទៅកាន់ប្រទេសមួយចំនួន ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយទស្សនកិច្ចដំបូងទៅកាន់ប្រទេសប្រទេសបែលហ្ស៉ិក ហើយបន្តទៅតួកគី ឥណ្ឌូនេស៉ី កម្ពុជា និងប្រទេសថៃផងដែរ។
ឯកត្តម កុយ គួង បានបញ្ជាក់ថា អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏នឹងមានជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបន្តជួបឯកត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាផងដែរ ដើម្បីពិភាក្សាអំពី ការពង្រឹងទំនាក់ទំនងទ្វេភាគី។
ដំណើរទស្សនកិច្ចរបស់មន្រ្តីការទូតជាន់ខ្ពស់អាមេរិកនៅកម្ពុជា បានធ្វើឡើងក្រោយ សហរដ្ឋ អាមេរិក ប្រកាសផ្តល់ជំនួយ ១១លានដុល្លារដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
បើតាមក្រសួងការបរទេសអាមេរិក បានបន្តទៀតថា «អំឡុងពេលទស្សន កិច្ចនៅ តំបន់អាស៉ីអាគ្នេយ៍ (ឬអាស៊ាន) លោកជំទាវ Wendy Ruth Sherman នឹងប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះភាពចាំបាច់នៅអាស៊ាន និងដំណោះស្រាយបញ្ហាកម្រិតទ្វេភាគី និងតំបន់ផងដែរ។ អាមេរិកក៏នឹងជំរុញរបបយោធាភូមា ឲ្យបញ្ឈប់អំពើហិង្សា ដោះលែង អ្នក ជាប់ឃុំដែលខ្លួនថាជាអំពើអយុត្តិធម៌ និងស្តារប្រទេសភូមាឲ្យទៅរកផ្លូវប្រជាធិប តេយ្យវិញ »ផងដែរ៕