នគរបាលខណ្ឌដង្កោបង្ក្រាបជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ)
ភ្នំពេញ ៖ នគរបាលខណ្ឌដង្កោបង្ក្រាបជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ) កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩និង៥០នាទី ត្រង់ចំណុចមុខបុរីទ្រីគីម ផ្លូវ៣០ម៉ែត្រ ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆុន ស៊ីថាត ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិព្រៃល្ង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ឃាត់ខ្លួនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ជនសង្ស័យ០១នាក់ ឈ្មោះ អោ សុខន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ស្នាក់នៅបន្ទប់ជួល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន) ។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន5926363 ចំនួន០១គ្រឿង ។
សមត្ថកិច្ចបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩និង៥០នាទី ជនរងគ្រោះឈ្មោះ ឆុន ស៊ីថាច ភេទស្រី អាយុ៥២ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ូតូម៉ាកឆាលី ចេញពីកន្លែងលក់ផ្លែឈើ ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រឡប់មក ផ្ទះ ស្ថិតនៅភូមិព្រៃល្ង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយបានស្ពាយកាបូបពណ៌ខ្មៅពីខាងមុខ ។
ពេលជនរងគ្រោះបើកម៉ូតូតាមផ្លូវ៣០ម៉ែត្រ ពីលិចមកកើត ដល់ចំណុច ខាងមុខបុរីទ្រីគីម ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏មានជនសង្ស័យចំនួន០២នាក់ ទី០១ឈ្មោះ អោ សុខុន ភេទប្រុស អាយុ១៩ឆ្នាំ ទី០២ឈ្មោះ អន ភេទប្រុស អាយុ២០ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន5926363 ស្របទិសគ្នាជាមួយជនរងគ្រោះពីលិចទៅកើត ដោយជនសង្ស័យឈ្មោះ អន ជាអ្នកបើក ឌុបជនសង្ស័យឈ្មោះ អោ សុខុន ទៅអែបខាងឆ្វេងដៃជនរងគ្រោះ រួចជនសង្ស័យឈ្មោះ អោ សុខុន ដែលអង្គុយ ខាងក្រោយបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះ តែត្រូវជនរងគ្រោះទាញកន្ត្រាក់យកមកវិញ បណ្តាលឱ្យដួលម៉ូតូទាំងពីរគ្រឿង រួចជនរងគ្រោះក៏បានស្រែកឆោឡោថា ចោរៗ ហើយជនសង្ស័យក៏បានរត់គេចខ្លួនចោលម៉ូតូ។ ពេលនោះក៏មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដែលកំពុងជិះម៉ូតូល្បាតតាមផ្លូវបេតុង៣០ម៉ែត្រនោះស្រាប់ បានជួយអន្តរាគមន៍ ធ្វើការឡោមព័ទ្ធចាប់ឃាត់ខ្លួនបានជនសង្ស័យ០១នាក់ឈ្មោះ អោ សុខុន រួមនិងវត្ថុតាង យកមកធ្វើ ការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាបានធ្វើសកម្មភាពឆក់កាបូបលុយរបស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះ អោ សុខុន និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕ ដោយ / គ្រី សម្បត្តិ