ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ជួបពិភាក្សាការងារជាមួយប្រធានបណ្ឌិត្យសភានគរបាលជាតិតួកគី តាមប្រព័ន្ធអនឡាញ
នារសៀលថ្ងៃអង្គារ ទី១ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានជួបប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ ជាមួយ ឯកឧត្ដម បណ្ឌិត Yilmas COLAK ប្រធានបណ្ឌិត្យសភានគរបាលជាតិតួកគី តាមប្រព័ន្ធអនឡាញ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១- បណ្ឌិត្យសភានគរបាលជាតិតួកគីអញ្ជើញថ្នាក់ដឹកនាំបណ្ឌិត្យសភា ដើម្បីចូលរួមសន្និសីទ Interpa សម្រាប់ឆ្នាំ២០២១ នៅក្នុងខែវិច្ឆិកា នៅប្រទេសតួកគី និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងបណ្ឌិត្យសភានគរបាលទាំង២។
២- បណ្ឌិត្យសភានគរបាលជាតិតួកគីបានឯកភាពដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជា នាដើមឆ្នាំ២០២២។
៣- ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ បណ្ឌិត្យសភានគរបាលជាតិតួកគីនឹងផ្ដល់វគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញដល់និស្សិតបណ្ឌិត្យសភានគរបាលកម្ពុជា លើមុខវិជ្ជានៃជំនាញឯកទេសសំខាន់ៗចំនួន៣ គឺ៖ ១-ជំនាញប្រឆាំងភេវរកម្ម ២-ជំនាញប្រឆាំងចារកម្ម និង ៣-ជំនាញស៊ើបអង្កេតបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងត្រូវរៀបចំឡើងនៅអំឡុងខែកញ្ញា នៅឆ្នាំ២០២១នេះ។ដោយ -រ៉ាវុធ