រដ្ឋបាលរាជធានីភ្នំពេញ ស្ដារប្រឡាយបឹងហារួចរាល់ ១០០ភាគរយហើយ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ

ភ្នំពេញ៖ ការស្ដារប្រឡាយបឹងហា ដែលមានប្រវែងជាង២គីឡូម៉ែត្រ ចាប់ពីស្ពានថ្មផ្លូវព្រៃសស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដល់ស្ថានីយ៍បូមទឹកលូប្រាំ ក្នុងពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើសកម្មភាពស្តាររួចរាល់១០០ភាគរយហើយ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ ។

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី០៣មិថុនានេះថា ក្រោមការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បើទោះបីរាជធានីភ្នំពេញបាននឹងកំពុងរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ដោយ ក៏ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញនៅតែបន្តធ្វើសកម្មភាពស្តារនិងអភិវឌ្ឍមូលដ្ឋានរាជធានីដដែល មានន័យថា ដៃម្ខាងធ្វើការអភិវឌ្ឍនិងដៃម្ខាងទៀត បង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩។

ជាក់ស្តែង នៅពេលនេះ អាជ្ញាធររាជធានីភ្នំពេញបានស្ដារប្រឡាយបឹងហា រួចរាល់១០០ភាគរយហើយ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ ។ ប្រឡាយបឹងហា ត្រូវបានក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញធ្វើការស្តាកាលពីថ្ងៃទី២៧ មិនា ២០២១ ដោយប្រើប្រាស់រយៈពេលជាង២ខែ ហើយគិតមកដល់ថ្ងៃទី០៣ មិថុនានេះ ការដ្ឋានទាំងមូលបានបញ្ចប់រួចរាល់១០០ភាគរយហើយ។

លោកបញ្ជាក់ថា ៖ប្រឡាយបឹងហានេះ មានប្រវែង ២៥៨០ម៉ែត្រ ទទឹង ២៥ម៉ែត្រទៅ៣០ម៉ែត្រ ដោយចាប់ពីស្ពានថ្មផ្លូវព្រៃស ដល់ស្ថានីយ៍បូមទឹកលូប្រាំ ស្ថិតក្នុងសង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ផងដែរថា ៖ប្រឡាយបឹងហានេះ ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីភូមិដ្ឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែកខ្លះនៃភូមិសាស្ត្រខណ្ឌដង្កោ ខណ្ឌពោធិសែនជ័យនិងខណ្ឌមានជ័យ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner