ការជីក ស្តារប្រឡាយអូរខ្សាច់ ប្រវែងជិត ១៧គីឡូម៉ែត្រ ជិតឈនដល់ទីបញ្ចប់ហើយ នៅសល់តែ ២គីឡូម៉ែត្រប៉ុណ្ណោះ
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បាននឹងកំពុងជីកស្តារប្រឡាយអូរខ្សាច់ដែលមានប្រវែងជិត១៧គីឡូម៉ែត្រ ចេញពីឃុំបែកចាន ក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល ឆ្លងមកសង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោរ ខណ្ឌកំបូល ហើយបន្តហូរចូលទៅក្នុងបឹងតម៉ោក ដើម្បីរំដោះទឹកកុំឱ្យលិចលង់នៅផ្លូវជាតិលេខ៤និងនៅមុខព្រលានយន្តហោះភ្នំពេញ ។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា ៖គម្រោងស្តារព្រែកអូរខ្សាច់នេះ មាន ប្រវែង ១៦,៧៩៩ម៉ែត្រ មាត់លើ ២៦ម៉ែត្រ បាតក្រោម ១៧ម៉ែត្រ និងជម្រៅ ៣ម៉ែត្រ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ប្រវែង ២ ,០៤៩ម៉ែត្រ និងខណ្ឌកំបូល រាជធានីភ្នំពេញ ប្រវែង ១៤,៧៥០ម៉ែត្រ ដោយ ចាប់ពីឃុំបែកចាន ក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល បន្តមកសង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោរ ខណ្ឌកំបូល ហើយបន្តហូរចូលទៅក្នុងបឹងតម៉ោកតែម្ដង។
លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ថា ៖ប្រឡាយអូរខ្សាច់ ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកតាមបណ្ដោយផ្លូវជាតិលេខ៤ ពោលគឺទឹកដែលបានធ្លាក់មកពីខេត្តកំពង់ស្ពឺតាមអមផ្លូវជាតិលេខ៤ ដល់ចំណុចឃុំបែកចាន ស្រុកអង្គស្នួលខាងលើ ប្រឡាយនេះបានបង្វែរផ្លូវទឹកទៅរកបឹងតាម៉ោកតែម្ដង ដែលធ្វើឱ្យកាត់បន្ថយនូវបរិមាណទឹកដែលត្រូវហូរចូលរាជធានី ដែលធ្លាប់តែធ្វើឱ្យលិច លង់ នៅមុខព្រលានយន្តហោះពោធិ៍ចិនតុង នាពេលកន្លងមក។
លោកម៉ៅ ប៊ុនធឿន បានបន្តថា ក្រោមការណែនាំរបស់លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ប្រឡាយអូរខ្សាច់នេះ ត្រូវបានមន្ទីរធនធានទឹករាជធានីភ្នំពេញ ចាប់ផ្ដើមការដ្ឋានកាលពីខែកក្កដា២០២០ ហើយគិតមកដល់ត្រឹមថ្ងៃទី០៤មិងុនា២០២១នេះ ក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានជីក ស្តារបានជាង១៥គីឡូម៉ែត្រហើយ ពោលគឺនៅសង់តែ២គីឡូម៉ែត្រទៀតប៉ុណ្ណោះ គម្រោងនេះនឹងត្រូវបញ្ចប់៕