ប្រមុខការទូតកម្ពុជាចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន នៅប្រទេសចិន
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិននិងកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសមេគង្គ-ឡានឆាង (MLC) លើកទី៦ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៧ និងថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២១នៅ ទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី ក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន ឯកឧត្តម ប្រាក់សុខុន និងប្រតិភូ និងចូលរួមប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមិថុនាគឺជាផ្នែកមួយនៃការប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន។
កិច្ចប្រជុំគ្រោងនឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាក់លាក់នៅក្នុងវិស័យផ្សេងៗ ក៏ដូចជាធ្វើការពិភាក្សាអំពីការលើកកម្ពស់បន្ថែម ទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិនក្នុងបរិបទបច្ចុប្បន្ននៃ ជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាប្រឈមនានាដែលកំពុងកើតមានឡើង។ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិនក៏នឹង ផ្លាស់ប្តូរយោបល់គ្នាលើបញ្ហា តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍រួម ផងដែរ។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសចិននេះដែរ ប្រមុខការទូតកម្ពុជានីងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី៦ នៅថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២១ ដែលនឹងធ្វើការវាយតម្លៃទៅលើវឌ្ឍនភាព ដែលសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងមកនៃ កិច្ចសហប្រតិបត្តិការ កំណត់ទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការដែលកាន់តែទូលំទូលាយ ជាពិសេសក្នុង កាលៈទេសៈនៃជំងឺរាតត្បាតកូវីដ១៩ហើយនិងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាពនិងការគាំទ្រគ្នាទៅវិញ ទៅមករវាងបណ្តាប្រទេសមេគង្គ និងប្រទេសចិន ស្ថិតក្រោមស្មារតីលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយចីរភាព និងការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌ នៅក្នុងតំបន់មេគង្គ-ឡានឆាង។
សូមបញ្ជាក់ថា ស្របពេលជាមួយគ្នានៃកិច្ចប្រជុំទាំងពីរខាងលើនៅប្រទេសចិន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រី ការបរទេសនៃប្រទេសមួយចំនួនដោយផ្ទាល់ ដើម្បីពង្រឹងបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី និងជាពិសេសនឹងអញ្ជើញបំពេញទស្សនកិច្ចការងារ នៅក្នុងប្រទេសចិន ដែលក្នុងឱកាសនោះ ឯកឧត្តម នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី ក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន ព្រមទាំងញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ រួមមាន៖
១. អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ ព័ត៌មាន និង បច្ចេកវិទ្យាទំនាក់ទំនង រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន ។
២.គម្រោងកម្មវិធីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា និងក្រសួងវប្បធម៌ចិន ៕