មូលនិធិវ៉ាក់សាំងកូវីដវៀតណាមប្រមូលបាន៤.៤លានដុល្លារ សប្តាហ៍ដំបូង
ក្នុងពេលមិនដល់១សប្តាហ៍ មូលនិធិវ៉ាក់សាំងកូវីដ១៩នៅវៀតណាមទទួលបានប្រាក់១០៣ពាន់លានដុង ឬ ៤.៤៤លានដុល្លារអាមេរិក។
ក្រសួងហិរញ្ញវត្ថុ ដែលគ្រប់គ្រងមូលនិធិ នឹងធ្វើឲ្យសាធារណជនបរិច្ចាគទាំងអស់ តាមរយៈគេហទំព័រផ្លូវការរបស់ក្រសួង ឬ គេហទំព័ររតនាគារវៀតណាម។ ថវិការទាំំងនេះនឹងត្រូវប្រើប្រាស់សម្រាប់តែគោលដៅ២សំខាន់ គឺទិញវ៉ាក់សាំងពីក្រៅប្រទេស និង ផលិតវ៉ាក់សាំងក្នុងប្រទេស នេះបើតាមក្រសួងដដែល ចេញផ្សាយដោយ VNexpress កាលពីម្សិលមិញ។
វៀតណាមគ្រោងនឹងខិតខំធ្វើឲ្យមានវ៉ាក់សាំង១៥០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ៧០ភាគរយនៃចំនួនប្រជាជនសរុបរបស់ខ្លួន ក្នុងឆ្នាំ២០២១នេះ ដោយក្រសួងសុខាភិបាលធ្លាប់បានប្រកាសថា នឹងចំណាយប្រមាណ២៥.២ទ្រីលានដុង ឬ១ពាន់លានដុល្លារអាមេរិក។
ប្រភពមូលនិធិធំៗនឹងបានមកពីរដ្ឋាភិបាល ប៉ុន្តែគ្រប់ការបរិច្ចាគទាំងក្រុមអ្នករកស៊ី និងសាធារណជននឹងជួយបន្ថយបន្ទុក ហើយរដ្ឋាភិបាលនឹងដឹងគុណខ្លាំងចំពោះការជួយនេះ នេះបើតាមមន្ត្រីរតនាគារ។ ក្រុមហ៊ុនធំៗ បីឬបួនក្រុមហ៊ុនបានសន្យាថា នឹងចូលរួមជាង២.៣ទ្រីលានដុង ឬ ៩៩លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា វៀតណាមបានចាប់ផ្តើមចាក់វ៉ាក់សាំង កាលពីថ្ងៃទី៨ មីនា ២០២១ ដោយប្រើប្រាស់វ៉ាក់សាំងអង់គ្លេស-ស៊ុយអ៊ែត AstraZeneca តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មផង និងជំនួយរបស់យន្តការកូវ៉ាក់របស់អង្គការសុខភាពពិភពលោកផង។ វៀតណាមមានវ៉ាក់សាំង AstraZeneca ប្រមាណ២.៥លានដូសហើយក្នុងដៃ តាមកម្មវិធីកូវ៉ាក់ និង AstraZeneca ៤០ម៉ឺនដូសទៀត ក្នុងចំណោមការបញ្ជាទិញសរុប ៣០លានដូស៕ ប្រភពពី VNexpress