ជាង២,៧លាននាក់នៃប្រជាជនគោលដៅ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩
ភ្នំពេញៈខណៈដែលប្រជាជនកម្ពុជាប្រមាណជាង២,៧ លាននាក់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងនោះមានទាំងប្រជាពលរដ្ឋរស់នៅតំបន់ក្រហមជិតមួយលាននាក់ផង។ ប្រមុខនៃក្រសួងការពារជាតិបានកត់សម្គាល់ដោយមោទនភាពចំពោះការចូលរួមរបស់កងទ័ព និងអ្នកមកទទួលចាក់វ៉ាក់សាំង ។ តួលេខគិត ត្រឹមថ្ងៃ៤ខែមិថុនាម្សិលមិញ គឺមានចំនួនជាង២៧ភាគរយនៃប្រជាជនគោលដៅ១០លាននាក់បានទទួលការចាក់វ៉ាក់សាំងរួចហើយ។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានលំអិតថា គិតពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ដែលជាការចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ថ្ងៃទី៤ ខែមិថុនា ការចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស(គិតទាំងក្រសួងការពារជាតិ)គឺចាក់លើកទី១.ចំនួន២.៧១០.៣៥៩នាក់ និង លើកទី២.ចំនួន២.១២៨.៩០១នាក់។តួលេខនេះបង្ហាញថា អ្នកចាក់វ៉ាក់សាំងួចស្មើនឹង ២៧,១០ភាគរយធៀបនឹងគោលដៅ១០លាននាក់។
ដោយឡែកក្នុងរបាយការណ៍របស់ក្រសួងការពារជាតិបានបញ្ជាក់ថាគិតត្រឹមថ្ងៃទី៤ខែមិថុនាការចាក់វ៉ាក់សាំងការពារ កូវីដ១៩ជូនកងទ័ព,គ្រួសារកងទ័ពនិងប្រជាពលរដ្ឋបានចំនួន១.២៧០.៦៩៦នាក់។ក្នុងនោះតំបន់ក្រហមជាង៩៦ម៉ឺន នាក់។
វ៉ាក់សាំងដែលកំពុងប្រើប្រាស់ នៅកម្ពុជាមានៈ ស៊ីណូហ្វាម( Sinopham /Beijing) , កូវីសែល COVISHELD (AstaZeneca) និង ស៊ីណូវ៉ាក់ (Sinovac)។សកម្មភាពនៃការចាក់វ៉ាក់សាំងបានអនុវត្តដោយក្រុមគ្រូពេទ្យរួមគ្នា រវាងគ្រូពេទ្យក្រសួងសុខាភិបាលនិងគ្រូពេទ្យនៃក្រសួង ការពារជាតិ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ AMS ថាយុទ្ធនាការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅតំបន់ក្រហមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីថ្ងៃទី១ ខែឧសភា មកដល់ត្រឹមថ្ងៃទី៥ ខែមិថុនាបានដំណើរការទៅដោយរលូនហើយទទួលបានការស្វាគមន៍ច្រើនពីប្រជាពលរដ្ឋនិងគ្រប់ មជ្ឈដ្ឋាន។វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានបញ្ជ្រាបចូលរាងកាយរបស់ប្រជាពលរដ្ឋកាន់តែច្រើនឡើង។បើសិនជាវ៉ាក់សាំង មកបន្ថែមទៀត ក្រុមគ្រូពេទ្យនឹងចាក់ជូនប្រជាពលរដ្ឋឲ្យកាន់តែលឿនបន្ថែមទៀត។
សម្តេចពិជ័យសេនាមានប្រសាសន៍បន្តថាការចាក់វ៉ាក់សាំងនៅតំបន់ក្រហមគឺបានសម្រេចអស់ហើយគឺបានសម្រេចទាំងម្ជុលទី១និងម្ជុលទី២។ប៉ុន្តែឥឡូវនេះមានហេតុការណ៍មួយចំនួនយើងពិបាកនឹងពន្យល់ដែរ។អ្នកខ្លះយោងតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺចាក់មិនឱ្យមិនដក ។ដូច្នេះប្រសាសន៍សម្តេច តេជោ ប្រជាពលរដ្ឋគាត់ក្តាប់បាន។ ប្រជាពលរដ្ឋមួយចំនួនដឹងថា ទីកន្លែងចាក់វ៉ាក់សាំងរបស់ក្រុមគ្រូពេទ្យកងទ័ពនៅ បន្តចាក់។ ដូច្នេះពួកគាត់នាំគ្នាមកពីកន្លែងទីទៃ ឬកន្លែងផ្សេង មកចាក់ដែរ។យើងកំពុងយើងពិចារណាអំពីម្ជុលទី១ និងម្ជុលទី២។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្តថា អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន គឺការប្រើប្រាស់វ៉ាក់សាំងដែលមានតាមដំណាក់នីមួយៗ គឺដើម្បីឱ្យវាស្របទៅតាមតំបន់នីមួយៗហើយនិងតម្រូវការ បន្ទាន់នៅកន្លែងនីមួយៗ ៕ដោយៈពលជ័យ