ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៧នាក់ទៀត
រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២៧នាក់ ក្នុងនោះស្រុកជើងព្រៃ ០៨នាក់ ស្រុកចំការលើ ០១នាក់ ស្រុកស្រីសន្ធរ ០៦នាក់ ស្រុកកំពង់សៀម ០៦នាក់ ស្រុកព្រៃឈរ០៣នាក់ស្រុកស្ទឹងត្រង់០២នាក់ និងមកពីខេត្តត្បូងឃុំ ០១នាក់ ក្នុងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។
នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកលើកម្មករ-កម្មការិនី និងអ្នកសង្ស័យ ចំនួន៩៨៩នាក់ ទទួលបានលទ្ធផលតេស្តរហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន២៧នាក់ (អ្នកកំពុងសម្រាកព្យាបាល ចំនួន៥៩៣នាក់)។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺទាំង ២៧នាក់ មកសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាល កម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។
រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥ ក្នុងករណីមានបណ្ត សុខភាពដូចជា ក្អកមានស្លេស ក្ដៅខ្លួនសលើសពី៣៧អង្សារ ពិបាកដកដង្ហើម ឈឺ ក តិចតួច។
សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើ និងប្រជាពលរដ្ឋររស់នៅក្នុងខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ ៣ការពារ » និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕