រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យគម្រោងស្ដារឡើងវិញទំនប់​អាង​ទឹកចំការតែ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលខូចខាតដោយសារ​ជំនន់ទឹកភ្លៀង

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យការដ្ឋានគម្រោងស្តារឡើងវិញ ទំនប់អាងទឹកចំការតែ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀងកាលពីឆ្នាំ២០២០កន្លងទៅ។ ក្នុងការចុះពិនិត្យនេះ ក៏មានការចូលរួមពីលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម , លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម និងលោកប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺចូលរួមផងដែរ។

សូមជម្រាបថា ទំនប់អាងទឹកចំការតែ មានទីតាំងស្ថិតនៅលើខ្នងភ្នំគិរីរម្យ ដែលមានកម្រិតរក្សាទឹកអតិបរមាប្រមាណ៧លានម៉ែត្រគូបនេះ បានទទួលរងនូវជំនន់ទឹកភ្លៀង ហូរបាក់ដាច់ត្រង់ចំណុចសំណង់ខ្នងទំនប់ចាស់ ដែលបានបន្សល់ទុកតាំងពីសម័យសង្គម និងដោយសាររងឥទ្ធិពលពីព្យុះ ដែលកើតមានបន្តបន្ទាប់ រួមជាមួយបរិមាណទឹកភ្លៀងធ្លាក់ដ៏ច្រើនលើសលប់កាលពីកំឡុង ខែតុលា ឆ្នាំ២០២០ ។

នៅដើមឆ្នាំ២០២១នេះ ក្រសួងបានធ្វើការជួសជុលកែរលម្អសំណង់ចាស់ និងកសាងសំណង់ថ្មី ជាបេតុងអាមេបន្ថែម ដែលទើបសាងសង់រួចនាពេលនេះ រួមមានទំហំការងារ៖

* ស្តារឡើងវិញទំនប់ប្រវែង៨០ម៉ែត្រ ជើងទេរទំនប់ប្រវែង ១២០ម៉ែត្រ
* សាងសង់សំណង់ស្នូលបេតុង ០១កន្លែង
* សាងសង់សំណង់លូជ្រុង(ទ្វារ២) ០១កន្លែង
* ជួសជុលកន្ទុយសំណង់បង្ហៀរ ០១កន្លែង
* ជួសជុលសំណង់បង្ហៀរ ០១កន្លែង។ ក្នុងដំណើរបេសកកម្មចុះពិនិត្យការងារនាព្រឹកនេះ ឯកឧត្តម រដ្ឋមន្រ្តីបានធ្វើការកោតសរសើរដល់ក្រុមការងារបច្ចេកទេសក្រសួង ដែលបានខិតខំបំពេញកិច្ចការងារ ​ទោះជួបឧបសគ្គ និងបញ្ហាប្រឈមខ្លះៗ មួយចំនួន និងណែនាំដល់មន្ទីរត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែនដីបន្ថែម ធ្វើយ៉ាងណាឲ្យសំណង់នេះ មានគុណភាពរឹងមាំយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល ផ្តត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងរមណីយដ្ឋានទេសចរណ៍នានា ក្នុងតំបន់ផងដែរ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner