ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ១២ខ្នង ក្នុងខេត្តចំនួន២។
អត្ថបទដោយ៖
ធី ដា
សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ខេត្តទាំង២នោះរួមមានខេត្តកំពង់ឆ្នាំង និង ខេត្តព្រះវិហារ។ ខេត្តកំពង់ឆ្នាំង ហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់បានកើតឡើងកាលពីរសៀលថ្ងៃ ទី៦ ខែមិថុនា ឆ្នាំ២០២១ មានករណីភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ បានបណ្ដាលឲ្យប៉ើងរបើកដំបូលផ្ទះរបស់ប្រជាពលរដ្ឋសរុបចំនួន ៩ខ្នង បានរងការខូចខាត។
ខេត្តព្រះវិហារ មានភ្លៀងធ្លាក់លាយឡំខ្យល់កន្រា្តក់ បាន ធ្វើឲ្យខូចខាតផ្ទះចំនួន៣ខ្នង ក្នុងនោះខូចខាតទាំងស្រុង ១ខ្នង ,របើកដំបូល ១ខ្នង,និង ធ្លាក់ចេញពីជើងតាង ១ខ្នង ដែលស្ថិតនៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ។ មិនមានសេចក្តីរាយការណ៍ពីមនុស្សណាម្នាក់បានរងរបួសនោះឡើយ។ ក្រសួងធនធានទឹកនិងឧតុនិយម បានដាស់តឿនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ក្នុងសប្តាហ៍នេះ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕