នាយកបច្ចេកទេស ក្រុម ISI ដង្កោ សែនជ័យ ការបង្ហាញខ្លួន នៅលីគខាប់ រដូវកាល ២០២១ ពិតជាមានសារៈសំខាន់

ក្លឹបបាល់ទាត់ អាយអេសអាយដង្កោសែនជ័យ ដែលជាសមាជិកក្របខ័ណ្ឌលីគលំដាប់ទី២ បានរៀបចំសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបង្ហាញពីការត្រៀមខ្លួនក្នុងការប្រកួតប្រជែង ពានរង្វាន់ លីគខាប់ រដូវកាល ២០២១ ពិតជាមានសារៈសំខាន់សម្រាប់ក្រុម ។


លោក សាប៊ូន វិនតា ប្រធានផ្នែកបច្ចេកទេសរបស់ក្លឹប អាយអេសអាយ ដង្កោសែនជ័យបានឲ្យដឹងថា ការប្រកួតនេះផ្ដោតសំខាន់លើការពង្រីកសមត្ថភាពបន្ថែមទៀត ដើម្បីឆ្ពោះទៅរកទិសដៅដែលក្រុមចង់បាន ។ លោកពិតជាសប្បាយចិត្តក្នុងការចូលរួមពានរង្វាន់លីគខាប់នេះនឹងផ្តល់នូវភាពចំណេញយ៉ាងច្រើន ដើម្បីបង្កើនបច្ចេកទេសកីឡាករ ក្នុងការត្រៀមខ្លួនក្នុងក្របខ័ណ្ឌលីគលំដាប់ទី២ នាពេលខាងមុខ ។ លោកបន្ថែមទៀតថា វាមិនមែនជាការដាក់សម្ពាធមកកាន់ក្រុមរបស់លោកឡើយ បើទោះក្រុមចូលរួមសុទ្ធតែជាក្រុមធំៗ និងសម្បូរទៅដោយក្រុមខ្លាំងក៏ដោយ ប៉ុន្តែផ្ទុយទៅវិញវាបានផ្ដល់បទពិសោធដល់ក្រុមរបស់លោកកាន់តែច្រើនបន្ថែមទៀត ។


លោក ធូ គាសេង ប្រធានក្រុមក្លិបបាល់ទាត់ចំណូលថ្មីមួយនេះ ក៏បានបង្ហាញពីឆន្ទៈរបស់ខ្លួន និងក្រុម គឺមិនផ្ដោតលើលទ្ធផលដូចគ្នា សំខាន់គឺការការប្រឹងប្រែង តម្រង់ទិសឆ្ពោះទៅរកគោលដៅបន្ទាប់ ដើម្បីប្រជែងលីគទី២ ។ ពានរង្វាន់ លីគខាប់ រដូវកាល ២០២១ ចាប់ផ្ដើមពីថ្ងៃទី០៥ ខែមិថុនា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ដោយមាន៨ក្រុមចូលរួមប្រជែងជើងឯក ដូចជាក្រុមភ្នំពេញក្រោន, បឹងកេត, វិសាខា, កងយោធពលខេមរភូមិន្ទ, ព្រះខ័នរាជស្វាយរៀង, ព្រៃវែង, យុវជនបាទី និង អាយ អេស អាយ ដង្កោសែនជ័យ។ ក្រុមអាយអេសអាយដង្កោសែនជ័យ ស្ថិតក្នុងពូល A ជាមួយភ្នំពេញក្រោន, បឹងកេត និងវិសាខា ។

សូមបញ្ជាក់ថា ការបង្កើតពានរង្វាន់នេះឡើងបន្ទាប់ពីក្រុមជម្រើសជាតិត្រូវប្រមូលផ្តុំកីឡាករហ្វឹកហាត់ និងធ្វើដំណើរទៅប្រទេសបារ៉ែនដើម្បីចូលរួមការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup) ចំនួន៣ប្រកួតនៅសេសសល់ ក៏ដូចជាជាទុកពេលវេលាដល់ក្លិបបាល់ទាត់បឹងកេត និងវិសាខា ដែលត្រូវតំណាងឲ្យជាតិទៅចូលរួមការប្រកួតពានរង្វាន់ AFC Cup វគ្គចែកពូល និងវគ្គ Playoff នៅក្នុងខែមិថុនានេះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner