ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះ គឺមិនមែនជាការស្ទង់មតិមុនការបោះឆ្នោតនោះទេ

សៀមរាប ៖ លោក អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាបបញ្ជាក់ថា ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះ គឺមិនមែនជាការស្ទង់មតិមុនការបោះឆ្នោតនោះទេ តែជាពិសោធន៍អនុវត្តកម្មវិធីទំនើបកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាបការបោះឆ្នោតជាសកលជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ អនុវត្តតាមប្រតិទិន នៃការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១ ដែលបានគ្រោងទុកដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា ( គជប ) ។ លោក អ៊ាម ស៊ីណា ថ្លែងបែបនេះ នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបញ្ជូនលទ្ធផលនៃការបោះឆ្នោតសាកល្បង ក្រោមការរៀបចំឡើងដោយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ។

យោងតាមកាលបរិច្ឆេតនៅក្នុងប្រតិទិន ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ គឺជាថ្ងៃបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ។ លោកបានបញ្ជាក់ថា ការបោះឆ្នោតសាកល្បងឆ្នាំ២០២១ មិនមែនជាការសាកល្បងបោះឆ្នោតតាមប្រព័ន្ធអនឡាញនោះទេ ហើយក៏មិនមែនធ្វើឡើងដើម្បីស្ទង់សម្លេងឆ្នោតមុនការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងមិនមែនស្ទង់មតិមុនការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០២៣នោះឡើយ ក៏ប៉ុន្តែបើសិនជាការបោះឆ្នោតសាកល្បងនេះដំណើរការទទួលបានលទ្ធផលល្អប្រសើរ កម្មវិធីទំនើបកម្មនៃដំណើរការបោះឆ្នោតនេះ នឹងត្រូវយកទៅអនុវត្តសម្រាប់ការបោះឆ្នោតជាសកលជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៥ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ ។

នៅក្នុងវគ្គបណ្តុះបណ្តាលរយៈពេល១ថ្ងៃនេះ ក្រៅតែពីការចូលរួមតាមដានស្វែងយល់លើឯកសារពន្យល់ទាំងនោះ ដោយគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្រ្តីពាក់ព័ន្ធមកពីបណ្តាស្រុក អង្គការសង្គមស៊ីវិលមួយចំនួន គេក៏ឃើញមានវត្តមានរបស់តំណាងគណៈបក្សនយោបាយចំនួន៧ លើ ៩គណៈបក្ស ដែលបានឈរឈ្មោះបោះឆ្នោតនៅមណ្ឌលសៀមរាប តំណាងអង្គការខុមហ្រ្វែល ក៏មានវត្តមានផងដែរ ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner