រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរវិស័យជំនាញពាក់ព័ន្ធក្នុងខេត្ត បានចុះពិនិត្យមើលផ្លូវក្រួសក្រហមវត្តកំណប់ ស្រុកសង្កែ ដែលទើបតែស្តារឡើងវិញ

អត្ថបទដោយ៖
Kien Sereyvuth

    ថ្មីៗកន្លងទៅនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ទីរវិស័យជំនាញមួយចំនួនក្នុងខេត្ត ជាពិសេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានចុះពិនិត្យមើលបណ្តាផ្លូវជនបទមួយចំនួន ដែលទទួលរងនូវការខូចខាតដោយទឹកជំនន់ក្នុងឆ្នាំ២០២០កន្លងមក ហើយត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានធ្វើការកែលម្អ និងស្តារឲ្យប្រសើរឡើងវិញទាំងស្រុង១០០%តាមគម្រោងសំណង់សិល្បការរបស់ខ្លួនរួចរាល់ហើយ។

        តាមការគូសបញ្ជាក់ពីលោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានឲ្យដឹងថា៖ ផ្លូវដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលនេះ គឺជាខ្សែផ្លូវក្រួសក្រហម ក្លោងទ្វារវត្តកំណប់ តភ្ជាប់ពីផ្លូវជាតិលេខ៥ ដែលប្រវែងជិត១៥គម.ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលតភ្ជាប់ឆ្លងកាត់ឃុំអូរដំបង១ ឃុំអូរដំបង២ និងឃុំរាំងកេសី របស់ ស្រុកសង្កែ។ ហើយផ្លូវមួយខ្សែខាងលើនេះគឺជាផ្លូវក្រួសក្រហមនៅក្នុងចំណោមផ្លូវទាំង១៦ខ្សែ ដែលរងការខូចខាតដោយទឹកជំនន់ឆ្នាំ២០២១កន្លងមក។ ហើយខ្សែផ្លូវ វត្តកំណប់នេះ ក៏បានសាងសង់សំណង់លូចំនួន៣២កន្លែង និងមានលូប្រអប់ចំនួន០២កន្លែងផងដែរ។ ហើយត្រូវបានក្រសួង និង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានធ្វើការស្តារឡើងវិញឲ្យរួចរាល់អស់ហើយ។

       បើតាមការគូសបញ្ជាក់ពីលោកវិស្វករ សេង សុវុធ ប្រធានការិយាល័យផ្លូវជនបទ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា៖ សំណង់សិល្បការក្នុងការស្តារឡើងវិញនូវផ្លូវជនបទដែលរងការខូចខាតដោយទឹកជំនន់ឆ្នាំ២០២០កន្លងមកនេះបានបញ្ចប់រួចរាល់អស់ហើយ។បើទោះបីការអនុវត្តគម្រោងត្រូវបានបញ្ចប់ តែគម្រោងមួយចំនួន មិនបានឆ្លើយតបតាមតម្រូវការជាក់ស្តែងបានឡើយគឺដោយសារតែកញ្ចប់ថវិកា ក្នុងការស្តារផ្លូវ គឺមានលទ្ធភាពក្នុងការស្តារទៅតាមស្ថានភាពថវិកា ដែលមានតែប៉ុណ្ណោះ។

     ក្នុងការចុះពិនិត្យមើលការស្តារឲ្យប្រសើរឡើងវិញ នូវផ្លូវក្រួសក្រហមមួយខ្សែនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត៎ដំបង បានជម្រុញឲ្យមន្ទីរជំនាញមុនចុះធ្វើការសាងសង់ផ្លូវត្រូវមានវិធានការនិងសំណូមពរដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាប់និងគម្រោង ត្រូវបំផុសឲ្យពួកគាត់ចូលរួមជាមួយនឹងគម្រោងខណៈស្ថានភាពផ្លូវតូចចង្អៀត មិនមានដីចំណីផ្លូវ ត្រូវឲ្យពួកគាត់ចូលរួមបង្ខិតរបងឬព្រំប្រទល់ ដើម្បីទុកចំណីផ្លូវឲ្យបានទូលាយ ចៀសវាងបង្កការគ្រោះថ្នាក់ផ្សេងៗ។ជាពិសេស ផ្លូវដែលជាប់រ៉បមាត់ដងអូរក្បែរដងផ្លូវ ជាដើម មុននិងចាប់ផ្តើមអនុវត្តគម្រោងកែលម្អផ្លូវជនបទនៅទីនោះ។

      ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានណែនាំ និង ជម្រុញដល់អាជ្ញាធរស្រុកនិងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ត្រូវមានវិធានការទប់ស្កាត់និងហាមឃាត់ពីការលក់ដូរនៅលើផ្លូវសាធារណៈ និងពីការសាងសង់តូបលក់ដូរតាមចិញ្ចើមផ្លូវ ដែលជាការបង្កនូវគ្រោះថ្នាក់ទាំងអ្នកបើកបរនិងអ្នកធ្វើដំណើរ ហើយវាថែមទាំងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយសារតែការលក់ដូរគ្មានសណ្តាប់ធ្នាប់នៅលើផ្លូវសាធារណៈ ក្នុងមូលដ្ឋានរបស់ខ្លួន ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner