ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា វៀតណាមពិតជាចង់ពន្យាពេលព្រឹត្តិការណ៍ស៊ីហ្គេម ទៅឆ្នាំ២០២២
(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់នៅព្រឹកនេះថា ដោយសារវិបត្តិ នៃជំងឺកូវីដ-១៩ ប្រទេសវៀតណាមពិតជាមានបំណងចង់ពន្យារពេលការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាចុងឆ្នាំ២០២១ ទៅខែកក្កដា ឆ្នាំ២០២២ ពិតមែន ។ ប៉ុន្ដែព័ត៌មាននេះនៅមិនទាន់ផ្លូវការនោះទេ ពោលគឺរង់ចាំកិច្ចប្រជុំបន្ទាន់មួយ ដែលវៀតណាមនឹងលើកយកបញ្ហាទាំងអស់ ដាក់ក្នុងអង្គប្រជុំគណៈអចិន្ដ្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដើម្បីពិភាក្សាគ្នាមុននឹងសម្រេចនាថ្ងៃទី០៩ ខែមិថុនាស្អែក។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC រូបនេះបន្ដថា «ព័ត៌មានស្តីពីការពន្យារពេល SEA Games 2021 នៅវៀតណាមមិនទាន់ផ្លូវការទេ ។ NOCC បានទទួលលិខិតពី NOC វៀតណាម ថាអូឡាំពិក វៀតណាមមានបំណងចង់ពន្យារពេលរហូតដល់ខែកក្កដា ឆ្នាំ២០២២ តែត្រូវដាក់បញ្ហានេះទៅក្នុងអង្គប្រជុំគណៈអចិន្រ្តៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដើម្បីសួរយោបល់សិនមុននឹងសម្រេច ។ កិច្ចប្រជុំបន្ទាន់នេះ នឹងត្រូវធ្វើឡើងនាវេលាម៉ោង ១រសៀលថ្ងៃទី០៩ ខែមិថុនាស្អែកតាមប្រព័ន្ធ Zoom» ។
គួរបញ្ជាក់ថា តាមគម្រោងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម នឹងត្រូវដំណើរការប្រកួតពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ដោយម្ចាស់ផ្ទះវៀតណាមបានកំណត់កីឡាចំនួន ៤០ប្រភេទ ដើម្បីត្រៀមស្វាគមន៍ការប្រកួតប្រជែងរបស់បណ្ដាប្រទេសនៅអាស៊ាន។ ប៉ុន្ដែដោយសារស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេស ក៏ដូចជាក្នុងតំបន់មិនទាន់ធូរស្រាល ទើបវៀតណាមពិចារណាអំពីការពន្យារពេលទៅឆ្នាំក្រោយ៕