អាជ្ញាធរខេត្តកោះកុង ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីរបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំចុះបញ្ជី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ
ថ្ងៃអង្គារទី៨ ខែមិថុនា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្ត និងជាអនុប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យទីតាំងដីជាក់ស្តែង របស់ឈ្មោះ ឡេក សុធន់(ប្តី) និងឈ្មោះ គាំ គឹមឈី(ប្រពន្ធ) ដែលបានស្នើសុំចុះបញ្ជី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លើផ្ទៃដីទំហំ ៧១ ហិកតា ៤៨ អា និង ១៨ សង់ទីអា មានទីតាំងស្ថិតនៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
បន្ទាប់ពីការប្រជុំពិភាក្សា និងការចុះពិនិត្យទីតាំងដីជាក់ស្តែង តាមការចង្អុលបង្ហាញព្រំដី របស់ម្ចាស់ដីរួចមក លោកអភិបាលរងខេត្ត និងជាប្រធានក្រុមការងារ បានណែនាំឲ្យភាគីម្ចាស់ដី÷
១.ត្រូវសហការឲ្យបានល្អប្រសើរ ជាមួយមន្រ្តីជំនាញ នៃមន្ទីរបរិស្ថាន អាជ្ញាធរស្រុកមណ្ឌលសីមា រដ្ឋបាលឃុំទួលគគីរ និងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកមណ្ឌលសីមា ចុះកំណត់និយាមកាឲ្យបានច្បាស់លាស់ ដើម្បីរៀបចំគំនូសបង្ហាញទីតាំងដី ដែលមានការចូលរួម និងទទួលស្គាល់ ដោយមន្ទីរជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ
២.ត្រូវបញ្ជូនទិន្នន័យទាំងនោះ មករដ្ឋបាលខេត្ត ដើម្បីឲ្យថ្នាក់ដឹកនាំខេត្ត ពិនិត្យ និងចាត់ចែង ជានីតិវិធី៕ដោយ -រ៉ាវុធ