សេចក្តីប្រកាសព័ត៌មានលទ្ធផលនៃទស្សនកិច្ចការងាររបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ០៧-០៨ ខែមិថុនា ឆ្នាំ២០២១

តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅក្នុងទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៦-៨ ខែមិថុនា ឆ្នាំ២០២១។ ក្នុងឱកាសនៃទស្សនកិច្ចខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសពិសេសអាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៦។


១.កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាន-ចិន
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាន-ចិន ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២១ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន។ កិច្ចប្រជុំនេះ គឺជាជំនួបដោយផ្ទាល់លើកដំបូង ដែលអាស៊ានមានជាមួយដៃគូសន្ទនា ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩ កាលពីដើមឆ្នាំមុន។
រដ្ឋមន្រ្តីការបរទេសអាស៊ាននិងចិន បានសម្តែងការពេញចិត្តចំពោះសមិទ្ធិផលសំខាន់ៗក្នុងរយៈពេល ៣០ ឆ្នាំ ចុងក្រោយនៃទំនាក់ទំនងដៃគូសន្ទនា ដែលគ្របដណ្តប់លើវិស័យផ្សេងៗ ដែលផ្ដល់ផលវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ ព្រមទាំងការពង្រីកវិសាលភាព នៃការផ្លាស់ប្ដូរពាណិជ្ជកម្ម និងវិនិយោគ។

អង្គប្រជុំបានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន- ចិន ដោយជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ គាំទ្រដល់មជ្ឈភាពអាស៊ានក្នុងដំណើរវិវត្តនៃនិម្មាបនកម្មក្នុងតំបន់ ការគាំទ្រពហុភាគីនិយម និងរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន។
ពាក់ព័ន្ធការឆ្លើយតបនៃជំងឺរាតត្បាតកូវីដ-១៩ និងការស្ដារឡើងវិញផ្នែកសេដ្ឋកិច្ច រដ្ឋមន្រ្តីការបរទេសអាស៊ានបានកោតសរសើរដល់តួនាទីឈានមុខរបស់ចិន ដែលបានចូលរួមចំណែកបន្ថែមទៀត ដើម្បីលើកកម្ពស់ការទទួលបានវ៉ាក់សាំងកូវីដ-១៩ ប្រកបដោយសមធម៌ និងតំលៃសមរម្យ។ ដោយរាប់បញ្ចូលទាំងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានស្តីពីការស្រាវជ្រាវ ការអភិវឌ្ឍ និងផលិតវ៉ាក់សាំង។ រដ្ឋមន្រ្តីការបរទេសអាស៊ាននិងចិន បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។

កិច្ចប្រជុំបានឯកភាពពិនិត្យលទ្ធភាពក្នុងការស្តារ និងពង្រឹងទំនាក់ទំនងរវាងគ្នាទៅវិញទៅមកក្នុងតំបន់ រួមទាំងជួយសំរួលដល់ការធ្វើដំណើរធុរកិច្ចសំខាន់ៗនៅទូទាំងតំបន់រវាងអាស៊ាន និងចិន ខណៈដែលផ្តល់អាទិភាពដល់សុវត្ថិភាពសុខភាពសាធារណៈ។ កិច្ចប្រជុំបានសង្កត់ធ្ងន់លើតម្រូវការចាំបាច់ដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងដើម្បីធានាឱ្យបានការចូលជាធរមាននៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅឆ្នាំ ២០២២។ កិច្ចប្រជុំក៏បានឯកភាពពន្លឿនការផ្លាស់ប្តូរវិស័យឌីជីថលតាមរយៈភាពជាដៃគូអាស៊ាន-ចិន ស្ដីពីសេដ្ឋកិច្ចឌីជីថល ដោយបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងបង្កើតឲ្យមានភាពស៊ីសង្វាក់គ្នារវាងផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។


រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិនក៏បានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ។ សម្រាប់បញ្ហាសមុទ្រចិនខាងត្បូង រដ្ឋមន្រ្តីទាំងអស់បានឯកភាពពន្លឿនការចរចារនៃក្រមប្រតិបត្តិ (COC) តាមរយៈការជួបប្រជុំផ្ទាល់ ឬប្រព័ន្ធវីដេអូ ដើម្បីសម្រេច COC ឱ្យបានឆាប់ ប្រកបដោយប្រសិទ្ធភាព ដែលស្របតាមច្បាប់អន្តរជាតិរួមទាំង 1982 UNCLOS។ ពាក់ព័ន្ធនឹងការវិវត្តថ្មីៗនៅមីយ៉ាន់ម៉ា ចិនបានអះអាងសាជាថ្មីនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងតួនាទីនាំមុខក្នុងការជួយដល់មីយ៉ាន់ម៉ាក្នុងដំណើរការសន្តិភាពសម្រាប់ការវិលត្រឡប់មករកភាពប្រក្រតីវិញ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន- ចិន ក្នុងវិស័យជាច្រើនដែលរួមមានកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ រហូតដល់ពាណិជ្ជកម្មនិងការវិនិយោគ ព្រមទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដែលបាននាំមកនូវផលប្រយោជន៍ទៅវិញទៅមកជាច្រើន។ ដោយកត់សម្គាល់ពីការរីកចម្រើនយ៉ាងខ្លាំងពីទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិនក្នុងរយៈពេលជាង ៣០ ឆ្នាំចុងក្រោយនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះការតម្លើងទំនាក់ទំនងអាស៊ាន-ចិនទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីបានសម្តែងការកោតសរសើរចំពោះសុឆន្ទៈរបស់ចិន ក្នុងការគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ទូទាំងពិភពលោក និងក្នុងតំបន់អាស៊ាន តាមរយៈការផ្តល់វ៉ាក់សាំងនិងការផ្គត់ផ្គង់សម្ភារៈសុខាភិបាល។ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធានានូវលំហូរពាណិជ្ជកម្ម ការវិនិយោគ និងការសម្រួលចូលទីផ្សារដោយរលូន។

ពាក់ព័ន្ធនឹងការធ្វើសមាហរណកម្មក្នុងតំបន់ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកកម្ពស់ការតភ្ជាប់ និងសង្កត់ធ្ងន់លើតម្រូវការចាំបាច់ ក្នុងការអនុវត្តសេចក្តីប្រកាសរួមអាស៊ាន-ចិន ស្តីពីផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ។
ពាក់ព័ន្ធស្ថានភាពនៅមីយ៉ាន់ម៉ា ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានអបអរសាទរចំពោះតួនាទីសកម្មរបស់ប្រធានអាស៊ាន និងអគ្គលេខាធិការអាស៊ាន ហើយបានស្វាគមន៍ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ពួកគេទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះ។ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីបានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តការឯកភាពជាឯកឆន្ទប្រាំចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន ដោយសង្កត់ធ្ងន់លើទំនុកចិត្តថាវានឹងរួមចំណែកដល់ការវិវត្តប្រកបដោយភាពវិជ្ជមានដែលចាំបាច់ដើម្បីគាំទ្រដល់ការវិលត្រឡប់ទៅរកភាពប្រក្រតីវិញ។

២.កិច្ចប្រជុំទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសពិសេសអាស៊ាន-ចិន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ក៏មានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីផ្លាស់ប្ដូរទស្សនៈស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលជាប្រយោជន៍រួម ជាពិសេសការរៀបចំប្រារព្ធខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ក្នុងឆ្នាំ២០២២ ខាងមុខ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដែលត្រូវបានពង្រីកនៅក្នុងវិស័យជាច្រើនរួមមាន ពាណិជ្ជកម្ម ការវិនិយោគ សុខាភិបាល ការអប់រំ ទេសចរណ៍ និងការតភ្ជាប់រវាងប្រទេសទាំងពីរ ដែលត្រូវបានកសាងឡើងតាមរយៈមូលដ្ឋានទំនុកចិត្តដ៏រឹងមាំ ការយោគយល់គ្នា សាមគ្គីភាព និងភាពជាអ្នកជិតខាងល្អ។ ឯកឧត្តម ប្រាក់ សុខុន បានសម្ដែងនូវការកោតសរសើរយ៉ាងខ្ពស់ចំពោះការផ្ដល់ជំនួយ និងការឧបត្ថម្ភរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានសម្ដែងការពេញចិត្តចំពោះកំណើនគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគី ទោះបីជួបប្រទះនូវបញ្ហាប្រឈមដែលបណ្ដាលមកពីជំងឺកូវីដ-១៩ ក៏ដូចជាកិច្ចប្រតិបត្តិការនៅច្រកព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តាន់ណាម កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ ដោយអាជ្ញាធរខេត្តព្រៃវែងរបស់កម្ពុជា និងអាជ្ញាធរខេត្តតៃនិញរបស់វៀតណាម ដែលនឹងជួយសម្រួលពាណិជ្ជកម្មឆ្លងដែន និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងការពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាជាតិ និងប្រជាជនទាំងពីរ។ ក្នុងន័យនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពដើម្បីរៀបចំកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការរួមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីដោយមានការចូលរួមផ្ទាល់ និងកិច្ចប្រជុំលើកទី៧ នៃកិច្ចពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២។ ឯកឧត្តម ប្រាក់ សុខុន ក៏បានទទួលការអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ពីសំណាក់ឯកឧត្តម ប៊ូយ ថាញ់សឺន ក្នុងពេលវេលាសមស្របផងដែរ។ ឯកឧត្តម ប្រាក់ សុខុន ក៏បានអញ្ជើញសមភាគីវៀតណាមមកធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការរួមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងទស្សនកិច្ចផ្លូវការមក កាន់កម្ពុជា។

៣.កិច្ចប្រជុំទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន
នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានជួបពិភាក្សាទ្វេភាគីជាមួយ ជាមួយ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស ដែលជាផ្នែកមួយនៃទស្សនកិច្ចការងារ ដើម្បីផ្លាស់ប្ដូរទស្សនៈស្ដីពីការលើកតម្កើងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពដូចដែកថែប ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យជាច្រើនដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងសំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ថ្នាក់ដឹកនាំចិនចំពោះជំនួយដ៏សប្បុរស និងទាន់ពេលវេលា រួមមានឧបករណ៍វេជ្ជសាស្ត្រ និងវ៉ាក់សាំង ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានសម្ដែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំ និងប្រជាជនចិន ក្នុងឱកាសប្រារព្ធខួប ១០០ ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន (១៩២១-២០២១)។ ឯកឧត្តម បានសម្ដែងនូវការកោតសរសើរខ្ពស់ចំពោះប្រទេសចិន ដែលសម្រេចបាននូវសមិទ្ធផលដ៏ធំធេងក្នុងការអភិវឌ្ឍជាតិរបស់ខ្លួន ជាពិសេសការសម្រេចបាននូវគោលដៅសតវត្សរ៍ទី១ ក្នុងការកសាងសង្គមប្រកបដោយវិបុលភាពមធ្យម។
ឯកឧត្តម វ៉ាង យី បានរំលឹកឡើងវិញនូវការបន្តគាំទ្ររបស់ចិនដល់ការអភិវឌ្ឍជាតិរបស់កម្ពុជា និងការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ ចិនក៏បានសន្យាថានឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ។ ដើម្បីបន្តជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ-១៩ រដ្ឋាភិបាលចិននឹងបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន ៥០ ម៉ឺនដូស ហើយវ៉ាក់សាំង ៤,៥ លានដូសទៀត នឹងដឹកដល់កម្ពុជាក្នុងខែមិថុនានេះ។ ក្រៅពីនេះ រដ្ឋបាលក្រុងឆុងឈីងក៏បានបរិច្ចាគសម្ភារៈវេជ្ជសាស្ត្រដែលមានតម្លៃ ១,១ លានយ័ន (១៧.២០០ ដុល្លាសហរដ្ឋអាមេរិក) ផងដែរ។ រដ្ឋមន្រ្តីការបរទេសទាំងពីរក៏បានឯកភាពពន្លឿននីតិវិធីផ្ទៃក្នុង សម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាទេសចរណ៍រវាងប្រទេសទាំងពីរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសទាំងពីរបានធ្វើជាសាក្សី ក្នុងការចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនពីរគឺ៖ អនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងគម្រោងកម្មវិធីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ សម្រាប់ឆ្នាំ២០២១-២០២៥ ក៏ដូចជាការសម្ពោធនូវការបើកការិយាល័យកុងស៊ុលចិននៅខេត្តព្រះសីហនុ។

នៅរសៀលថ្ងៃដដែលនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៦ និងមានជំនួបទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ដុន ប្រាមុតវីណៃ រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រថៃ៕

ថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
រាជធានីភ្នំពេញ ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២១

                                             
ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner