សម្តេចពិជ័យសេនា ទៀ បាញ់៖ ដំណក់ប្រេងដំបូងដែលកម្ពុជាទទួល គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ និងជានិមិត្តរូបនៃភាពជោគជ័យរបស់កម្ពុជាទាំងមូល

ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកាពារជាតិបានមានប្រសាសន៍ថា ដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ និងជានិមិត្តរូបនៃភាពជោគជ័យរបស់កម្ពុជាទាំងមូល ដែលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេសទន្ទឹងរង់ចាំជាច្រើនជំនាន់មកហើយ។

ការបញ្ជាក់នេះបានថ្លែងឡើងនៅក្នុងពិធីប្រគល់ទទួលកែវដំណក់ប្រេងដំបូងរបស់កម្ពុជានៅព្រឹកថ្ងៃទី០៩ ខែមិថុនានេះ នៅវិមានឈ្នះឈ្នះ( នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ)។
សម្តេចពិជ័យសេនាទៀ បាញ់ បានមានប្រសាសន៍បន្តថា ក្នុងនាមគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ សូមសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងរ៉ែ និងថាមពល ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម ដែលបានខិតខំយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជាតាមរចនាបថខ្មែរទំនើបមានភាពស្រស់បំព្រង រស់រវើក និងបានបង្ហាញពីអត្ថន័យតាមក្បាច់ចម្លាក់នីមួយៗ និងឯកសារមួយចំនួនទៀត ប្រគល់ជូនគណៈកម្មការសាងសង់វិមានឈ្នះឈ្នះនាពេលនេះ ដើម្បីយកមកទុកដាក់ជាវត្ថុតឹកតាង ប្រវត្តិសាស្ត្រនៅវិមានឈ្នះឈ្នះ ក្នុងសារមន្ទីរមគ្គុទ្ទេសក៍តេជោសែន តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។

ក្នុងឱកាសនេះ សម្តេចពិជ័យសេនាបានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តចូលរួមគាំទ្រអភិវឌ្ឍសារមន្ទីរមគ្គុទេសក៍តេជោសែនយើងនេះ ទៅតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការផ្តល់វត្ថុតឹកតាង និងឯកសារពាក់ព័ន្ធ ដែលជាសមិទ្ធផលសំខាន់ៗសម្រេចបានជាប្រវត្តិសាស្ត្រ តាមរយៈនយោបាយឈ្នះឈ្នះ ដើម្បីក្រុមការងារតម្កល់ទុកក្នុងសារមន្ទីរវិមានឈ្នះឈ្នះ សម្រាប់ទុកជូនមនុស្សជំនាន់ក្រោយសិក្សារៀនសូត ដូចដែលក្រសួងរ៉ែ និងថាមពលបានប្រគល់ជូននាថ្ងៃនេះ ជាសក្ខីភាពស្រាប់។
ជាមួយគ្នានេះ សម្តេចក៏បានអរគុណចំពោះក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងរ៉ែ និងថាមពល ព្រមទាំងស្ថាប័នពាក់ព័ន្ធរៀបចំពិធីប្រគល់ ទទួលនាថ្ងៃនេះដំណើរការដោយ រលូនតាមកម្មវិធីគ្រោងទុក តាមវិធានការសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ តាមរយៈសុន្ទរកថារបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ជ្រាបអម្បាញ់មិញហើយថា ដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ និងជានិមិត្តរូបនៃភាពជោគជ័យរបស់កម្ពុជាទាំងមូល ដែលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេសទន្ទឹងរង់ចាំជាច្រើនជំនាន់មកហើយ។

សម្តេចពិជ័យសេនាបានបញ្ជាក់ថា តាមរយៈ “នយោបាយ ឈ្នះ ឈ្នះ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេស ជាតិមានសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាជនមានសិទ្ធិ សេរីភាពបរិបូរណ៍ និងរស់នៅយ៉ាងសុខដុមរមនា ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ហើយកំពុងបន្តឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព និងប្រជាធិបតេយ្យ ឆ្ពោះទៅសម្រេចគោលដៅ តាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលបានដាក់ចេញ។ ជាក់ស្តែង នៅក្នុងរយៈពេលជិត២៣ឆ្នាំចុងក្រោយនេះ ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់ វិស័យគួរឱ្យកត់សម្គាល់ ក្នុងនោះវិស័យរ៉ែ និងថាមពល គឺជាវិស័យមួយរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត។ ជាក់ស្ដែង ដំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបានកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺជាការចាប់ផ្តើមជំហានដំបូងមួយដ៏សំខាន់សម្រាប់កម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ផលប្រយោជន៍ សំខាន់ៗនៃឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនេះ បាននាំមកនូវចំណូលថវិកាជាតិហើយផលសេដ្ឋកិច្ចទទួលបានពីការបង្កើតនូវពិពិធកម្ម ខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត នឹងកសាងសមត្ថភាពជាតិក្នុងវិស័យ នេះថែមទៀតផង។ សមិទ្ធផលសម្រេចបានទាំងអស់នេះ បានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់អំពីសមត្ថភាព និងប្រសិទ្ធភាពនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឈៀសវ និងប្រកបដោយគតិបណ្ឌិត ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងការចូលរួមយ៉ាងសកម្មរបស់ប្រជាជន ប្រកបដោយភាពម្ចាស់ក្នុងការថែរក្សាសមិទ្ធផលនៃសង្គមជាតិ តាមទិសស្លោក “អរគុណសន្តិភាព” “ស្រលាញ់ សន្តិភាព” “មានសន្តិភាពទើបមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់”។

ក្នុងឱកាសនេះ សូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងរ៉ែ និងថាមពល ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការរុករក ស្រាវជ្រាវរកឃើញ និងធ្វើអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជា ស្របតាមគោលនយោបាយជាតិ ស្ដីពីធនធានរ៉ែ និងយុទ្ធសាស្ត្រ និងផែនការសកម្មភាពសំខាន់ៗ ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានរ៉ែ ប្រកបដោយចីរភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាព ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ដែលបានកំណត់ថា “អភិវឌ្ឍ ធនធានរ៉ែ និងឧស្ម័ន ដើម្បីប្រែក្លាយធនធាននេះឲ្យទៅជាប្រភពថ្មីមួយទៀត នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា”។

ជាថ្មីម្តងទៀត ក្នុងនាមគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ សម្តេចមានសង្ឃឹម និងរំពឹងទុកយ៉ាងមុតមាំថា ក្រសួង ស្ថាប័ននានា នឹងបន្តចូលរួមឱ្យកាន់តែសកម្មផុលផុសថែមទៀត នៅក្នុងការផ្តល់វត្ថុតឹកតាង និងឯកសារប្រវត្តិសាស្ត្រ ដែលជាសមិទ្ធផលតាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីទុកជូនមនុស្សជំនាន់ក្រោយបានសិក្សារៀនសូត្រ ស្វែងយល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ បញ្ជាក់ពីសច្ចភាពប្រវត្តិសាស្ត្រ វីរភាពពិតរបស់កូនខ្មែរសម័យនេះ និងចរិតកត់ត្រាអំពីសមត្ថភាពចំណេះដឹងដ៏មានតម្លៃពិតប្រាកដ នៃមគ្គុទេសក៍អ្នកដឹកនាំកម្ពុជានៃយើង។ ជាមួយគ្នានេះ ខ្ញុំសូមផ្ដល់ការណែនាំដល់ក្រុម ការងារសាងសង់វិមានឈ្នះឈ្នះ បន្តសហការឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីរួមគ្នាអភិវឌ្ឍសារមន្ទីរមគ្គុទេសក៍តេជោសែន តាមសកម្មភាពរក្សាទុកដាក់ និងថែទាំកែវផ្ទុកដំណក់ប្រេងដំបូងរបស់ កម្ពុជា និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ដែលក្រសួងនឹងផ្តល់ជូននាពេលខាងមុខឲ្យបានគង់វង្ស ប្រើប្រាស់ យូរអង្វែង សម្រាប់មនុស្សជំនាន់ក្រោយដកបទពិសោធន៍ សិក្សារៀនសូត្រ លើកកម្ពស់សមត្ថភាពបំពេញការងារ ជូនប្រទេសជាតិនាពេលអនាគត៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner