សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលដំណក់ប្រេងដំបូងរបស់កម្ពុជា យកតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ ស្ថាបនិកសន្តិភាពនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីទទួលដំណក់ប្រេងដំបូងរបស់កម្ពុជា យកតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ។ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ត្រូវបាននាំយកមកតម្កល់ទុក នៅក្នុងវិមានឈ្នះ-ឈ្នះ ដើម្បីទុកជាមរតកសម្រាប់កុលបុត្រខ្មែរ និងជាការចងចាំនូវសមិទ្ធផលកើតចេញម្លប់សុខសន្តិភាព ដែលរកបានមកដោយនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ដំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបានក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដ៏លំបាក ដែលគំរាមកំហែងដោយ មេរោគរាតត្បាតកូវីដ-១៩នេះ គឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែង អំណត់ព្យាយាម និងពុះពារសម្រេចជោគជ័យរបស់រាជរដ្ឋាភិបាល និងវិនិយោគគិនដែលយើង ទាំងអស់គ្នាសូមចូលរួមកោតស្ញប់ស្ញែងផងដែរ។

ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវឱ្យក្រសួងស្ថាប័ន ដទៃទៀត ផ្តល់សមិទ្ធផលខ្លួន ក្រោមនយោបាយឈ្នះឈ្នះ ដើម្បីទុកជូនមនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ។ សម្តេចក៏បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ បន្តចូលរួមគាំទ្រអភិវឌ្ឍសារមន្ទីរមគ្គទេសក៍តេជោសែននេះ ទៅតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការផ្ដល់វត្ថុតឹកតាង និងឯកសារពាក់ព័ន្ធ ដែលជាសមិទ្ធផលសំខាន់ៗសម្រេចបានជាប្រវត្តិសាស្ត្រ តាមរយៈនយោបាយឈ្នះ ឈ្នះ ដើម្បីក្រុមការងារតម្កល់ទុកក្នុងសារមន្ទីរវិមានឈ្នះ ឈ្នះ សម្រាប់ទុកជូនមនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ ដូចដែលក្រសួងរ៉ែ និងថាមពលបានប្រគល់ជូននាថ្ងៃនេះ ជាសក្ខីភាពស្រាប់។

គួររំលឹកថា ៖ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា បូមបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលជាខួប២២ឆ្នាំ នៃការបិទបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ ដូច្នេះដំណក់ប្រេងនេះ ជាមរតក និងជាសមិទ្ធផលមួយកើតចេញពីម្លប់សុខសន្តិភាព ដែលរកបានមកដោយលំបាកជាទីបំផុត។

រ៉ែប្រេងជាសម្បត្តិធម្មជាតិ ដែលកប់ក្រោមបាតសមុទ្ររបស់កម្ពុជា រាប់ពាន់ឆ្នាំមកហើយ តែកម្ពុជាមិនមានលទ្ធភាពនឹងទាញយករ៉ែប្រេងនេះ មកបម្រើជាប្រយោជន៍នោះឡើយ។ សម្បត្តិធម្មជាតិរបស់កម្ពុជាមួយនេះ នឹងមិនអាចលេចចេញជារូបរាងនោះឡើយ ប្រសិនបើកម្ពុជាមិនអាចបិទបញ្ចប់ភ្លើងសង្គ្រាម រកមកជំនួសវិញនូវសុខសន្តិភាពទេនោះ។ ព្រោះតែហេតុនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា បានយកដំណក់ប្រេងលើកដំបូង មកតម្កល់នៅវិមានឈ្នះ-ឈ្នះ ព្រោះចង់ក្រើនរំលឹកដល់កុលបុត្រខ្មែរថា នយោបាយឈ្នះ-ឈ្នះ មានគុណតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ នយោបាយឈ្នះ-ឈ្នះ នាំកម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍ និងមានឱកាសទាញយកសម្បត្តិធម្មជាតិ កប់ក្រោមដីដូចជារ៉ែប្រេងនេះ មកបម្រើជាប្រយោជន៍សម្រាប់សង្គមជាតិ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner