ក្រវាញ ជាប្រភេទប្រទាលមួយ ដែលសហគមន៍ច្រើនប្រើប្រាស់ផ្លែវា សម្រាប់បញ្ចុះសម្ពាធឈាម បន្ថយស្ករក្នុងឈាម និងខ្លាញ់ សម្រួលការដកដង្ហើម សម្រកទម្ងន់

ក្រវាញដុះជាលក្ខណៈធម្មជាតិច្រើន នៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង ក្នុងដែនជម្រកសត្វព្រៃភ្នំក្រវាញ និងសំកុស។ យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន ផ្សាយនៅថ្ងៃទ០៩ ខែមិថុនា ឆ្នាំ២០២១ ជាទូទៅ សហគមន៍ប្រមូលផ្លែក្រវាញ នៅចុងរដូវវស្សា ដើម្បីហាលទុកប្រើប្រាស់ជាថ្នាំនៅក្នុងគ្រួសារ និងលក់ទៅទីផ្សារ។ យើងអាចប្រើប្រាស់ផ្លែក្រវាញ តាមរយៈការឆុងជាតែសម្រាប់ទទួលទានក្តៅៗ និងប្រើប្រាស់ជាគ្រឿងផ្សំក្នុងអាហារផងដែរ។

ក្រវាញផ្តល់ផ្លែបានល្អ នៅអាយុ ៤-៥ ឆ្នាំ និងបន្តផ្តល់ផ្លែរាងរាល់ឆ្នាំរហូតដល់អាយុ ៥០ឆ្នាំ។ តាមការសិក្សានានាបង្ហាញថា ការដាំក្រវាញបានត្រឹមត្រូវតាមបច្ចេកទេស ក្រវាញអាចផ្តល់ផ្លែបានច្រើន។

បច្ចុប្បន្ន ដោយសារមានទីផ្សារកណ្តៀងក្រវាញ (បណ្តូលដើមខ្ចី) សម្រាប់ប្រើប្រាស់ជាបន្លែ សហគមន៍បានផ្តើមកាត់យកកណ្តៀងក្រវាញទៅលក់នៅលើទីផ្សារ។ យើងអាចស្ងោរកណ្តៀងក្រវាញសម្រាប់ប្រើជាអន្លក់ ឬឆាជាមួយប្រេងខ្យង សាច់គោ ។ល។ កណ្តៀងក្រវាញមានរស់ជាតិឆ្ងាញ់ប្រហើរ និងហិរតិចៗ។ សហគមន៍ប្រមូលកណ្តៀងក្រវាញនៅក្នុងខែមេសា-តុលា ហើយមានតម្លៃ១៥ ០០០រៀលក្នុង១គីឡូក្រាម។

ថ្មីៗនេះ ក្រសួងបរិស្ថានបានជំរុញឱ្យគម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” ចុះរៀបចំសហគមនគោលដៅ ដាំក្រវាញ ដើម្បីយកចូលទីផ្សារនាឆ្នាំខាងមុខៗ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner