អាជ្ញាធរខេត្តឧត្តរមានជ័យ និងឯកអគ្គរាជទូតថៃ សន្យាពង្រីកទំហំសក្ដានុពលពាណិជ្ជកម្ម នៅតាមច្រកទ្វារអន្តរជាតិព្រំដែន នៃពលរដ្ឋប្រទេសទាំងពីរ
ខេត្តឧត្តរមានជ័យ ៖ ក្នុងជុំនួបពិភាក្សាការងារ និងការអញ្ជើញចុះពិនិត្យ ពីស្ថានភាពច្រកទ្វារអន្តរជាតិអូរស្មាច់ និងច្រកជប់គគីរ នៃព្រំដែនប្រទេសទាំងពីរ កាលពីថ្ងៃទី៨មិថុនាឆ្នាំ២០២១ អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ប៉ែន កុសល្យ និងឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា និងជាទីប្រឹក្សារដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក ជិរ៉ាវុឍិ សុវណ្ណអាត បានសន្យាពង្រីកទំហំសក្ដានុពលពាណិជ្ជកម្ម នៅតាមច្រកទ្វារអន្តរជាតិព្រំដែន ដើម្បីជំរុញការលើកកម្ពស់វិស័យឯកជន រវាងវិនិយោគិននៃពលរដ្ឋប្រទេសទាំងពីរ ក្នុងបរិបថនៃការរីករាលដាលជំងឺកូវីដ១៩នេះ ។
ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងថា កិច្ចទំនាក់ទំនងនេះ គឺមានគោលបំណងជួយគាំទ្រ និងការបន្ធូរបន្ថយបន្ទុករបស់រដ្ឋបាលខេត្ត ក្នុងការមើលថែទាំពលករចំណាកស្រុក ដែលបានវិលត្រឡប់មកពីប្រទេសថៃ ក្នុងកំឡុងពេលការរីករាលដាល នៃជំងឺកូវីដ១៩ លើសពីនេះទៀត គឺដើម្បីការជួយសម្រួលបន្ទុកដល់ពលករចំណាកស្រុកដោយផ្ទាល់ គ្រាដែលភាគីថៃបានចាត់ទុក ជាចំណែកមួយដ៏សំខាន់ នៅក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច រវាងកម្ពុជា ថៃ ។
លោក ប៉ែក កុសល្យ បានបញ្ជាក់ថា អាជ្ញាធរខេត្តឧត្តរមានជ័យ បានបើកច្រកជប់គគីររួចមកហើយ នៅតែខាងភាគីថៃប៉ុណ្ណោះ បច្ចុប្បន្នប្រសិនបើខាងភាគីថៃ បើកឲ្យដំណើរការឡើងវិញ នោះការដោះដូរមុខទំនិញ និងការដឹកជញ្ជូនកសិផលនានា ទៅកាន់ទីផ្សារ គឺពិតជាធ្វើឡើងបានយ៉ាងងាយស្រួល សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ។
អភិបាលខេត្តឧត្តរមានជ័យ កម្ពុជា លោក ប៉ែន កុសល្យ បានសន្យាថា នឹងជួយសម្រួលដល់វិនិយោគិន ក្នុងគ្រាដែល អាជ្ញាធរថៃ ចង់មកដាក់ទុកវិនិយោគនៅខេត្តកម្ពុជា ក្នុងការដោះដូរទំនិញ និងកសិផលនានា ដើម្បីជួយលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ឲ្យបានល្អប្រសើរ ។
ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា សន្យានាំយកសំណើររបស់ អភិបាលខេត្តឧត្តរមានជ័យកម្ពុជា ដាក់ឆ្លងអាជ្ញាធរថៃ នៅទីក្រុងបាងកក ពីការស្នើបើកឲ្យដំណើរការច្រកទ្វារនៅតាមព្រំដែន ពិសេស ច្រកជប់គគីរ ដើម្បីផលប្រយោជន៍រួម នៃប្រជាជនប្រទេសទាំងពីរ ៕ ដោយ ៖ ឡុង សំបូរ