អភិបាលខេត្តឧត្តរមានជ័យ ជំរុញមន្ត្រីរាជការ យុវជន និងប្រជាពលរដ្ឋ ចូលរួមដាំដើមឈើឲ្យបានគ្រប់ៗគ្នា ដើម្បីលើកកម្ពស់តម្លៃបរិស្ថានជាតិ !

ខេត្តឧត្តរមានជ័យ ៖ នៅខេត្តឧត្តរមានជ័យ មានរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២១ ក្រោមប្រធានបទ «អភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា» នាថ្ងៃទី៩មិថុនាឆ្នាំ២០២១នេះ នៅមុខសាលាខេត្តឧត្តរមានជ័យ ដោយមានការចូលរួម ពីមន្ត្រីខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង៣ប្រភេទ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តផងដែរ ។ នៅក្នុងពិធីនេះ ក៏មានការដាំកូនឈើក្ងោក ៣០០ដើម នៅផ្នែកខាងមុខសួនច្បារសាលាខេត្តផងនោះដែរ ។

អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ប៉ែន កុសល្យ បានជំរុញមន្ត្រីរាជការស៊ីវិល យុវជន និងប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការដាំដើមឈើ ក្នុងម្នាក់ៗដាំឲ្យបានច្រើនដើម និងចូលរួមក្នុងការផ្សព្វផ្សាយ ពីបញ្ហាបរិស្ថាន ការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ធ្វើយ៉ាងណា លើកកម្ពស់ការស្រឡាញ់បរិស្ថាន និងចេះថែរក្សាអនាម័យ នៅតាមភូមិដ្ឋានរបស់ខ្លួន ជាពិសេស ត្រូវចូលរួមការពារ ការរីករាលដាលនៃជំងឺ កូវីដ ១៩ ផងដែរ ។

ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍ថា ទិវាបរិស្ថានឆ្នាំ២០២១នេះ មិនតម្រូវឲ្យមានការជួបជុំគ្នាច្រើន ដូចឆ្នាំកន្លងៗនៅនោះទេ ក៏ព្រោះកម្ពុជា និងពិភពលោកនៅក្នុងរយៈពេល ២ឆ្នាំជាប់ៗគ្នាមកនេះ កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

អភិបាលខេត្ត បានចាត់ទុកទិវាបរិស្ថានជាតិ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់ការយល់ដឹង ពីបរិស្ថាននៅកម្ពុជា ឲ្យកាន់តែល្អប្រសើរថែមទៀត ដូច្នេះ «ការប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោកនេះ គឺ យើងផ្តោតសំខាន់ទៅលើកាផ្សព្វផ្សាយ ពីកិច្ចការងារ ការពារ និងការអភិរក្សធនធានធម្មជាតិ ក៏ដូចជាមួយ ការពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ដើម្បីផ្ដល់នូវចំណេះដឹង និងព័ត៌មានផ្សេងៗ អំពីបរិស្ថាន ជូនដល់ប្រជាពលរដ្ឋ ហើយអាចកែប្រែឥរិយាបថរបស់ពលរដ្ឋ ឲ្យចូលរួមក្នុងកិច្ចការពារបរិស្ថានជាតិ» ឲ្យកាន់តែមានភាពសស្រាក់សស្រាំថែមទៀត ៕ ដោយ ៖ ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner