កិច្ចប្រជុំពិភាក្សាស្ដីពី ក្របខណ្ឌពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣
រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពី ក្របខណ្ឌពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ ក្នុងគោលបំណងវាយតម្លៃពីវឌ្ឍនភាពប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពក្នុងការគ្រប់គ្រងសេវាកម្មអប់រំនៅគ្រប់កម្រិតសិក្សា ដើម្បីទទួលបានសេវាកម្មអប់រំប្រកបដោយសមធម៌ ជាពិសេសក្នុងបរិបទរីករាលដាលនៃជំងឺកូវីដ-១៩។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំអប់រំនៃអង្គភាពពាក់ព័ន្ធ និងតំណាងអង្គការដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ។
ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការបានលើកឡើងថា ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិបានធ្វើឡើងដោយផ្តោតទៅលើសកម្មភាពនៃអនុវិស័យទាំង៧ ធ្វើយ៉ាងឱ្យមានសុខដុមនីយកម្ម និងប្រទាក់ក្រឡាគ្នា ជាពិសេសគឺសុខដុមនីយកម្មរវាងក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍជាតិ អន្តរជាតិ ទាំងអស់ ដែលគាំទ្រផែនការយុទ្ធសាស្ត្រវិស័យអប់រំរយៈពេល៥ឆ្នាំនេះ។ អ្វីដែលសំខាន់គឺដើម្បីកៀរគរធនធាន ក្នុងការអនុវត្តកម្មវិធីគម្រោងឱ្យមានប្រសិទ្ធភាព។
ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានស្នើអង្គប្រជុំយកចិត្តទុកដាក់ទៅលើយន្តការកែលម្អការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ដើម្បីធ្វើកំណែទម្រង់វិស័យអប់រំ ព្រមទាំងស្នើឱ្យអនុវិស័យទាំងអស់ខិតខំបំពេញភារកិច្ចឱ្យបានជាប់លាប់ និងមានទំនាក់ទំនងល្អរវាងអនុវិស័យនីមួយៗ។
ការរៀបចំការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ ជាឱកាសដ៏មានសារៈសំខាន់សម្រាប់ក្រសួងអប់រំ យុវជន និងដៃគូ អភិវឌ្ឍរួមគ្នា ពិនិត្យវឌ្ឍនភាព ប្រសិទ្ធភាព និងបញ្ហាប្រឈមនានា ក្នុងការអនុវត្ត និងប្រៀបធៀបនឹងចំណុចដៅ ដែលបានកំណត់រួមគ្នា។ ទន្ទឹមនឹងនោះការពិនិត្យមើលឡើងវិញពាក់កណ្ដាលអាណត្តិ ក៏បានពិនិត្យយ៉ាងស៊ីជម្រៅលើលទ្ធផលដែលសម្រេចបាន និងពិនិត្យលទ្ធភាពក្នុងការកែសម្រួលយុទ្ធសាស្ត្រ កម្មវិធី និងសកម្មភាព សូចនាករ ចំណុចដៅ ឱ្យស្របទៅនឹងទិសដោអាទិភាពរបស់ក្រសួង ជាពិសេសក្នុងបរិបទកូវីដ-១៩ ព្រមទាំងការគ្រោងថវិកា និងប្រភពថវិកាដែលមានស្រាប់អនុវត្តបន្ត៕ ដោយ -រ៉ាវុធ