សម្តេចតេជោ ហ៊ុន សែនៈ ក្នុងពេលជំងឺកូវីដកំពុងវាយលុក ដូច្នេះគ្មានការចាំបាច់ណាដើម្បីធ្វើការបោះឆ្នោតឃុំ សង្កាត់ សាកល្បងទេ!

ភ្នំពេញៈ ជាប្រតិកម្មនាព្រលប់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងក្នុងរង្វង់នៃការ បង្ហាញក្តីបារម្ភថា យោងទៅលើសកម្មភាពការជាក់ស្តែងនៅកម្ពុជាជំងឺកូវីដកំពុងតែវាយលុក ហើយក្នុងមួយថ្ងៃៗប្រជាជន ឆ្លងរាប់រយនាក់និងមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃ។ ដូច្នេះគ្មានការចាំបាច់ណាដើម្បីនឹងធ្វើការបោះឆ្នោតសាកល្បងជ្រើស រើសឃុំ សង្កាត់នោះទេ។ បន្ទាប់ពីមានការលើកឡើងដូចនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ក៏បានចោលនូវកម្មវិធីនេះ ក្រោយពីទទួលលិខិតផ្លូវការពីប្រមុខរាជរដ្ឋាភិបាលឱ្យដកចេញនូវផែនការសាកល្បងនេះ។

ក្នុងសារជាសំឡេងនៅល្ងាចថ្ងៃទី៩ ខែមិថុនាថា សម្តេចតេជោបញ្ជាក់ថា សម្តេចទើបតែទទួលព័ត៌មានថា នៅថ្ងៃទី២០ ខែមិថុនាខាងមុខនេះ នឹងមានការបោះឆ្នោតសាកល្បងនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ ដែលរៀបចំ ឡើង ដោយ គ.ជ.ប ។ សម្តេចពុំបានដឹងនៅហេតុការណ៍នេះទេ ។ សម្តេចទើបនឹង តែព័ត៌មានអំពីខេត្តសៀមរាប អំពីតម្រូវ ការនៃការហ្វឹកហ្វឺនប្រជាជនសម្រាប់ការបោះឆ្នោតសាកល្បង នៃការបោះឆ្នោតជ្រសើរើសក្រុមប្រឹក្សា ឃុំសង្កាត់សម្រាប់ឆ្នាំ២០២១។

សម្តេចបន្តថា យោងទៅលើសកម្មភាពការជាក់ ស្តែងនៅកម្ពុជាជំងឺកូវីដកំពុង តែវាយលុក ។ ក្នុងមួយថ្ងៃៗប្រជាជន ឆ្លងរាប់រយនាក់ និងមានមនុស្សស្លាប់ជារៀង រាល់ ថ្ងៃ។ដូច្នេះគ្មានការចាំបាច់ណាដើម្បីនឹងធ្វើការបោះឆ្នោតសាកល្បងនោះ ទេ។ ព្រោះពេលវេលានេះ ត្រូវផ្តល់អាទិភាពនិង ប្រមូល គ្រប់កម្លាំងទាំងអស់ដើម្បីប្រយុទ្ធប្រឆាំង ជាមួយនឹងកូវីដ១៩ ។ វាមិនមែនជាពេលវេលាដើម្បីប្រមូលប្រជាជនមក ធ្វើការរៀនសូត្រ ហើយ ធ្វើ ការបោះឆ្នោតសាកល្បងនោះឡើយ។ ពេលវេលានេះសូម្បីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏ត្រូវ ចូលរួម ដើម្បី ប្រយុទ្ធ ប្រឆាំងជាមួយកូវីដ១៩។ ការប្រមូលប្រជាជនណាមួយមកជួបជុំដើម្បីហ្វឹកហាត់សម្រាប់ការបោះឆ្នោតសកល្បង គឺគ្មានការចាំបាច់នោះទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលកំពុងធ្វើលិខិតទៅគ.ជ.បដើម្បីសុំឲ្យ លុប ចោលការបោះឆ្នោតសាកល្បងដើម្បីជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ ប៉ុន្តែដើម្បីជៀសវាងនៅកិច្ចការបន្ទាន់ដែលនៅដ្ងៃស្អែក នេះ(១០ មិថុនា)គឺមានការហ្វឹកហាត់សូម្បីតែនៅខេត្ត សៀមរាបស្រុកពីរដែលមានការឆ្លងរីករាលដាលក៏ត្រូវប្រមូលប្រជាជនរាបរយនាក់ដើម្បីទៅធ្វើការសាកល្បងរៀនសូត្រក្នុងការបោះឆ្នោត ក្នុងពេលវេលាដែលកំពុងប្រឈមជាមួយនឹងការឆ្លងរី រាលដាលនៃជំងឺកូវីដ១៩ ព្រមទាំង ការបង្កបង្កើនផលរបស់ប្រជាជនផង។ ដូច្នេះសូមចេញបទបញ្ជាជូនទៅអភិបាលរាជធានី ខេត្តទាំងអស់សូមកុំ ប្រមូលប្រជាជនមកធ្វើការបណ្តុះបណ្តាលរៀនសូត្រសម្រាប់ធ្វើការបោះឆ្នោតសាកល្បងនេះ ចាប់ពីពេលទទួលបទបញ្ជានេះតទៅ។

សម្តេចតេជោហ៊ុន សែន ក៏សូមអភ័យទោសចំពោះសមាជិកនៅក្នុងគ.ជ.បថាគ្មានជម្រើសណាឲ្យល្អជាងជម្រើស ដែលសម្តេចត្រូវអំពាវនាវចំពោះប្រជាពលរដ្ឋ ដាក់បទបញ្ជាឲ្យអភិបាលរាជធានី ខេត្ត ដើម្បីបញ្ឈប់ការប្រមូល ប្រជាជនមកធ្វើការរៀនសូត្រតាមការចាត់តាំងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងថ្នាក់ ជាតិ ឬថ្នាក់ខេត្ត ឬថ្នាក់ណាក៏ដោយចុះ។ សូមថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលយកនៅលិខិតស្នើសុំជាផ្លូវការ របស់រាជរដ្ឋាភិបាល ក្នុងឋានៈជាតំណាង ឲ្យជាតិទាំងមូលក្នុងការគ្រប់គ្រង និងដោះ ស្រាយការប្រយុទ្ធប្រឆាំង កូវីដ១៩ ក៏ដូចជាកិច្ចការទាក់ ទងនិងសកម្មភាពសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ ហើយលុប ចោលនៅការ បោះឆ្នោតនៅ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ តាមសំណូម ពរនៃ លិខិតផ្លូវការ ក៏ដូចជាសារសំឡេង របស់សម្តេច។

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា យើងគោរពទៅដល់ឯករាជ្យភាព របស់គ.ជ.ប តែគ.ជ.បក៏ត្រូវ តែ យល់ កិច្ចការដ៏លំបាក របស់អង្គនីតិប្រតិបត្តិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផងដែរ។ ក៏ដូចជាយល់ទៅដល់ការលំបាករបស់ប្រជាពលរដ្ឋដែលកំពុង តែរង សម្ពាធនៃការវៃលុកនៃកូវីដ១៩ ក៏ដូចជាកំពុង ខិតខំស្តារឡើង វិញនៃជីវភាពទាំងសេដ្ឋកិដ្ឋសង្គម ហើយសូមបញ្ឈប់ ការ ប្រមូល ផ្តុំ ប្រជាជនមកហ្វឹក ហាត់ដើម្បីរៀនសូត្រសាកល្បងបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលគ្រោង នឹង ធ្វើនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។

នៅយប់ថ្ងៃទី៩ខែមិថុនានេះដែរ គ.ជ.ប ក៏បានចេញលិខិតផ្លូវការលើកចោលការអនុវត្តការបោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ បន្ទាប់ពីបានទទួលលិខិតផ្លូវការរាជរដ្ឋាភិបាល។

លិខិតដែលចុះហត្ថលេខាដោយឯកឧត្តម នុត សុខុម អនុប្រធានគ.ជ.បបានបញ្ជាក់ថាត្រូវបានលើកចោល ការអនុវត្តការបោះ ឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដែលគ្រោងនឹងអនុវត្តនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងឃុំ សង្កាត់គោលដៅចំនួន ២៥ នៃរាជធានី ខេត្តទាំងអស់ទូទាំងប្រទេស។

សូមជម្រាបថាគណៈកម្មកាធិការជាតិរៀបចំការបោះឆ្នោតបានបើកកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២១ ដែលនេះជាកិច្ចប្រជុំតាមអនឡាញលើកទី១ក្នុងបរិបទកូវីដ១៩កាលពីព្រឹកថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ២០២១ ដោយមានតំណាងគណបក្សនយោបាយ និងភាគីពាក់ព័ន្ធចូលរួមផង។
គោលបំណងសំខាន់នៃការបោះឆ្នោតសាកល្បងគឺដើម្បីសាកល្បងកម្មវិធីរៀបចំបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដកបទពិសោធលើការអនុវត្តវិធានការទប់ស្កាត់ និងការពារការឆ្លងរោគរាតត្បាត (កូវិដ-១៩) ក្នុងការិយាល័យបោះឆ្នោត សាកល្បងការប្រើត្រាគំនូសសញ្ញាគាំទ្រគណបក្សនយោបាយលើសន្លឹកឆ្នោត។ សាកល្បងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner