រដ្ឋមន្ត្រីការបរទេសកម្ពុជា និងវៀតណាមបញ្ជាក់ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ (Video Inside)

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងវៀតណាមបានជួបពិភាក្សាគ្នា​នៅក្នុងប្រទេសចិន និងបានបញ្ជាក់សាជាថ្មីពីការ ប្ដេជ្ញាចិត្តបន្តពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

រដ្ឋមន្ត្រីការបរទេស កម្ពុជាលោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសវៀតណាមលោក ប៊ូយ ថាញ់សឺន បានជួបពិភាក្សាទ្វេភាគីរវាង គ្នានៅទីក្រុងឆុងឈីង នៃប្រទេសចិន កាលពីថ្ងៃទី៧មិថុនាឆ្នាំ២០២១។ ក្រសួងការបរទេសកម្ពុជាបានថ្លែងថា ជំនួបពិភាក្សានោះ បានផ្លាស់ប្ដូរទស្សនៈស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលជាប្រយោជន៍រួម ជាពិសេសការរៀបចំប្រារព្ធខួបលើកទី៤៥នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាមក្នុងឆ្នាំ ២០២២ខាងមុខ។

ក្នុងជំនួបនោះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានសម្ដែងនូវការពេញចិត្តចំពោះ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដែលត្រូវបានពង្រីកនៅក្នុងវិស័យជា ច្រើនរួមមាន ពាណិជ្ជកម្ម ការវិនិយោគ សុខាភិបាល ការអប់រំ ទេសចរណ៍ និងការតភ្ជាប់រវាងប្រទេសទាំងពីរ ដែលត្រូវបានកសាងឡើងតាមរយៈមូលដ្ឋានទំនុកចិត្តដ៏រឹងមាំ ការយោគយល់គ្នា សាមគ្គីភាព និងភាពជាអ្នក ជិតខាងល្អ។

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសម្ដែងនូវការកោតសរសើរយ៉ាងខ្ពស់ចំពោះការផ្ដល់ជំនួយ និងការឧបត្ថម្ភរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា។ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានសម្ដែងនូវការពេញចិត្តចំពោះកំណើនគួរឲ្យកត់សម្គាល់នៃទំហំ ពាណិជ្ជកម្មទ្វេភាគី ទោះបីប្រទេសទាំង២បានជួបប្រទះនូវបញ្ហាប្រឈមនៃជំងឺកូវីដ-១៩។ ទំហំពាណិជ្ជកម្ម ទ្វេភាគីកម្ពុជា និងវៀតណាម គិតត្រឹមឆ្នាំ២០២០ បានកើនឡើងដល់៥ពាន់៣៣០លានដុល្លារ។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងការពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជាប្រយោជន៍រួម សម្រាប់ប្រជាជាតិ និងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពដើម្បីរៀបចំកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការរួមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីដោយមានការចូលរួមផ្ទាល់ និងកិច្ចប្រជុំលើកទី៧ នៃ កិច្ចពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២។ លោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុន បានទទួលការអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ពីសំណាក់លោករដ្ឋមន្ត្រី ប៊ូយ ថាញ់សឺន ក្នុងពេលវេលាសមស្របណាមួយនាពេលអនាគត។

ជាមួយគ្នានោះដែរ លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានអញ្ជើញសមភាគីវៀតណាមមកធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ លើកទី១៩ នៃគណៈកម្មាធិការរួមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវ ការមកកាន់កម្ពុជាផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner