រកឃើញគ្រាប់មិនទាន់ផ្ទុះ កប់នៅក្រោមគុម្ពឫស្សី ក្នុងខេត្តបាត់ដំបង (Video Inside)

គ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ទៀត ត្រូវបានគេប្រទះឃើញកប់នៅក្រោមគុម្ពឫស្សីនៅ ខេត្តបាត់ដំបង។ សេចក្តីរាយការណ៍បានបញ្ជាក់ថា គ្រាប់មិនទាន់ផ្ទុះទាំងនោះត្រូវគេរកឃើញ កាលពីថ្ងៃទី ៨ខែ មិថុនា ស្ថិតនៅភូមិផ្លូវមាស, ឃុំផ្លូវមាស នៃស្រុករតនមណ្ឌល។

សេចក្តីរាយការណ៍បញ្ជាក់ថាអាវុធសម្លាប់ មនុស្សទាំងនោះរួមមានគ្រាប់មីនប្រភេទ72Aចំនួន ៣៦គ្រាប់, គ្រាប់កB40ចំនួន៣គ្រាប់ និងគ្រាប់កាំភ្លើង K57 ចំនួន ៥០០គ្រាប់។ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនេះ ត្រូវគេរកឃើញ កប់នៅក្នុងដីក្រោមគុម្ភឫស្សីក្បែរមាត់ ស្ទឹង។

កម្ពុជាទើបបានសម្រេចរំដោះដីដែលមានមីន បានទំហំជាង១ពាន់៨០២គីឡូម៉ែត្រក្រឡា និងបានកម្ទេច គ្រាប់ មីនប្រឆាំងមនុស្សចំនួន ១លាន៦ម៉ឺន ២ពាន់៦៦១គ្រាប់, មីនប្រឆាំងរថក្រោះចំនួន២ម៉ឺន៤ពាន់៨៣២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានចំនួន ២លាន៧៦ម៉ឺន៧ពាន់២០គ្រាប់។

ទំហំផ្ទៃដី ដែលសេសសល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក្នុងប្រទេសកម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថានៅមានទំហំ៨៩០គីឡូម៉ែត្រក្រឡានិងកម្ពុជា មានផែនការបោសសំអាតគ្រាប់ មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់រហូតដល់ឆ្នាំ២០២៥។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner