បេក្ខជនមកយកពាក្យឈរឈ្មោះជាប្រធាន គ.ជ.ប មាន៥នាក់ត្រឹមព្រឹកនេះ, ២នាក់បានយកឯកសារមកដាក់

ភ្នំពេញៈគិតត្រឹមព្រឹកថ្ងៃទី១០ខែមិថុនានេះ បេក្ខជនឈរឈ្មោះជាបេក្ខភាពប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ចំនួន៥រូបហើយ បានមកយកពាក្យពីអគ្គលេខាធិការដ្ឋានរដ្ឋសភាដើម្បីយកទៅបំពេញ។ ទន្ទឹមនេះក៏បេក្ខជន២បានបំពេញបែបបទរួចរាល់ និងបានយកមកដាក់នៅរដ្ឋសភាវិញ។ ការបិទបញ្ជីទទួលបេក្ខភាពនឹងបញ្ចប់នៅល្ងាចថ្ងែស្អែក។ ការទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនប្រធានគ.ជ.ប គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមិថុនា។

ឯកឧត្តម ឡេង ប៉េងឡុង

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកពាក្យរដ្ឋសភាបានមានប្រសាសន៍ថា គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមិថុនា នេះ គឺមានបេក្ខជនចំនួន៥រូបបានមកយកបែបបទទៅបំពេញ ដោយក្នុងនោះមានបេក្ខជន២បានបំពេញបែបបទរួចរាល់ ហើយបានយកពាក្យមកដល់នៅអគ្គលេខាធិការដ្ឋានរដ្ឋសភាវិញ។

មន្រ្តីដដែលបានបញ្ជាក់ថា បេក្ខជនដែលដាក់ពាក្យ គឺគ្រប់អាយុ មានសញ្ជាតិខ្មែរ មានសញ្ញាបត្រឧត្តមសិក្សា អត់មានគ្រួសារជាសាច់ញាតិប្រធានបក្ស អនុប្រធានបក្សនយោបាយ មិនដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋ …។ ការទទួលពាក្យចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមិថុនា ដោយនៅម៉ោង ៥:៣០ល្ងាចថ្ងៃសុក្រ ទី១១ ខែមិថុនា គឺបិទបញ្ចប់នៃការចុះឈ្មោះហើយ។ បន្តទៀតគឺគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងធ្វើការជ្រើសរើសបេក្ខជនដោយតម្លាភាពដោយចំហ។ នៅពេលដែលជ្រើសរើសបានបេក្ខជនហើយគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងពិគ្រោះជាមួយគណបក្សដែលស្នើតែងតាំងលោក ស៊ិក ប៊ុនហុក ឱ្យធ្វើជាប្រធាន គ.ជ.ប ពីមុនមក។

ឯកឧត្តម ស៊ិក ប៊ុនហុក

សូមជម្រាបថាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាកាលពីថ្ងៃទី៤ខែមិថុនាបានអនុម័តយល់ព្រមលើសំណើលាឈប់ពីតួនាទី និងតំណែងប្រធានគ.ជ.ប របស់ឯកឧត្តម ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រមនូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទនិងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគ.ជ.ប និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជន ជាប្រធានគ.ជ.ប ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក។

ការអនុម័តរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានធ្វើឡើងបន្ទាប់ពីឯកឧត្តម ស៊ិក ប៊ុនហុកប្រធានគ.ជ.ប បាន ដាក់ពាក្យសុំលាលែងទៅរដ្ឋសភាកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។

ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានប្រាប់អ្នកកាសែតកាលពីថ្ងៃទី៤ ខែមិថុនាអំពីមូលហេតុនៃការសុំលាឈប់ពីប្រធានគ.ជ.បរបស់លោកថាគឺដោយសារតែលោកមានវ័យចាស់ និងមានបញ្ហាសុខភាព និងមិនអាចរ៉ាប់រងបាននូវការងារដ៏ធ្ងន់នៃការបោះឆ្នោត ហេតុនេះទុកឱ្យអ្នកដែលពេញកម្លាំងគេធ្វើការងារនេះជំនួសវិញ។ ឯកឧត្តម ស៊ិក ប៊ុកហុក មានវ័យ៧៥ឆ្នាំ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner