សមត្ថកិច្ចបានចាប់ឃាត់ខ្លួនមេខ្យល់ម្នាក់ និងពលករ ២០បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ

សេចក្តីរាយការណ៍បានបញ្ជាក់ថា ការចាប់ឃាត់ខ្លួនពលរដ្ឋខ្មែរប្រុសស្រីនោះ គឺបានធ្វើឡើងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុច២ទីតាំងផ្សេងគ្នា គឺនៅស្រុកម៉ាឡៃ និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ខណៈដែលពួកគេបម្រុងឆ្លងដែនចូលទៅប្រទេសថៃ ។

យោងតាមរបាយការណ៍របស់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែមិថុនា កម្លាំងនគរបាលការពារព្រំដែនគោក បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ១៥នាក់ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំបឹងបេង នៃស្រុកម៉ាឡៃ ។ ក្នុងនោះបានឃាត់ខ្លួនអ្នកនាំផ្លូវ ម្នាក់ ឈ្មោះ យ៉ើន ណារ៉ុង ភេទប្រុស អាយុ ២០ឆ្នាំ ដែលជាមេខ្យល់ មានទីលំនៅក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា ក្រោយពីធ្វើការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានបញ្ជូនទៅកាន់អធិការដ្ឋាននរបាលស្រុកម៉ាឡៃ ដើម្បីសួរនាំនិងចាត់វិធានការបន្ត។ ដោយឡែក នៅស្រុកស្វាយចេក កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានឃាត់ខ្លួនពលរដ្ឋខ្មែរ ចំនួន៥នាក់ ក្នុងភូមិសាស្ត្រភូមិល្បើកស្វាយ ឃុំស្វាយចេក នៃស្រុកស្វាយចេក បម្រុងលួច ឆ្លងដែនទៅប្រទេសថៃ ។ បន្ទាប់ពីឃាត់ខ្លួន និងសួរនាំ កម្លាំងបានបញ្ជូនទៅទីសំចតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីចាត់ការបន្ត ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner