រដ្ឋាភិបាលយោធាមីយ៉ាន់ចោទប្រកាន់លោកស្រី អោងសាន ស៊ូជី ពីបទពុករលួយ (មានវីដេអូ)
យ៉ានម៉ា៖ សារព័ត៌មានរដ្ឋ Global New Light របស់មីយ៉ាន់ម៉ាបានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលយោធាបានធ្វើការចោទប្រកាន់ប្រឆាំងនឹងមេដឹកនាំស៊ីវិលលោកស្រី អោងសាន ស៊ូជី និងអតីតមន្រ្តីផ្សេងទៀតរបស់រដ្ឋាភិបាលលោកស្រី ពីបទ “ពុករលួយ” ។
កាសែតរដ្ឋបានដកស្រង់សម្តីរបស់គណៈកម្មការប្រឆាំងអំពើពុករលួយថា ការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ដីធ្លីមិនត្រឹមត្រូវសម្រាប់មូលនិធិ Daw Khin Kyi Foundation ដែលលោកស្រីធ្វើជាប្រធាន ព្រមទាំងការចោទប្រកាន់មុនៗក្នុងការទទួលយកប្រាក់ និងមាសជាដើម ។ សំណុំរឿងត្រូវបានបើកប្រឆាំងនឹងលោកស្រី អោងសាន ស៊ូជី និងមន្រ្តីជាច្រើនរូបទៀតមកពីរដ្ឋធានីណៃពិដោ នៅឯទីស្នាក់ការប៉ូលិសកាលពីថ្ងៃពុធ ។ កាសែតនេះបានបញ្ជាក់ថា លោកស្រី ស៊ូជី ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទប្រព្រឹត្តអំពើពុករលួយដោយប្រើឋានៈរបស់លោកស្រី… ដូច្នេះលោកស្រីត្រូវបានចោទប្រកាន់ក្រោមច្បាប់ប្រឆាំងអំពើពុករលួយ មាត្រាទី៥៥ ។
ច្បាប់នោះផ្តល់នូវការជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ ចំពោះអ្នកដែលត្រូវបានរកឃើញថា មានពិរុទ្ធ ។ ទោះជាយ៉ាងណា ភ្លាមៗនោះសារព័ត៌មានរ៉យទ័រនៅមិនទាន់ទទួលការអត្ថាធិប្បាយណាមួយពីមេធាវីរបស់លោកស្រី អោងសាន ស៊ូជី នៅឡើយទេ ៕ ប្រភព៖ Reuters