មនុស្សជំនិតលោក កឹម សុខា កំពុងតែរកការពិតនៃការបាត់លុយមូលនិធិទូរទស្សន៍ព្រះអាទិត្យជាង៧០ម៉ឺនដុល្លារ

ភ្នំពេញៈ លោក មុត ចន្ថា អតីតប្រធានខុទ្ទកាល័យលោក កឹម សុខា បានធ្វើលិខិតចំហទៅលោក ប៉ុល ហំម អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ រួមទាំងអតីតមន្ត្រីជាន់ខ្ពស់ចំនួន២រូបទៀត គឺលោក អ៊ូ ច័ន្ទរ័ត្ន និងលោក ម៉ៅ មុនីវណ្ណ ឱ្យចេញមកបញ្ជាក់រឿងលុយមូលនិធិទូរទស្សន៍ព្រះអាទិត្យជាង ៧០ម៉ឺនដុល្លារ និងថវិការបស់គណបក្សទាំងអស់ ត្រូវបានគេដកចេញពីគណនីធនាគារ នៅក្រោយការចាប់ខ្លួនលោក កឹម សុខា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងនៅមុនពេលគណបក្សត្រូវបានរំលាយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក មុត ចន្ថា និងលោក កឹម សុខា (រូបឯកសារ)

យោងតាមលិខិតចំហរបស់លោក មុត ចន្ថា ផ្ញើជូនលោក ប៉ុល ហំម អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន អតីតអភិបាលរងនៃគណៈអភិបាលក្រុមតំណាងសង្រ្គោះជាតិ និងលោក ម៉ៅ មុនីវណ្ណ អនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងនាមខ្លួនលោកផ្ទាល់ជាអតីតសមាជិកគណៈកម្មាធិការនាយក និងជានាយកខុទ្ទកាល័យប្រធានអតីតគណបក្សសង្រ្គោះជាតិ សូមសរសេរមកលោកទាំងបី ក្នុងមុខតំណែងរបស់លោកជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ ដែលមានវត្តនៅក្នុងប្រទេស នៅក្រោយការចាប់ខ្លួនរបស់លោក កឹម សុខា ប្រធានគណបក្ស នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងនៅមុនពេលគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយអំណាចសាលដីការបស់តុលាការកំពូល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោកបន្តថា សម្រាប់លោក ប៉ុល ហំម ជាអនុប្រធានគណបក្សសង្រ្គោះជាតិ ដែលមានវ័យច្រើនជាងគេ ដោយយោងតាមវិសោធនកម្មលក្ខន្តិកៈគណបក្ស ត្រូវមានភារកិច្ចសម្របសម្រួល និងដឹកនាំអង្គប្រជុំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍ រហូតដល់ថ្ងៃដែលគណបក្សត្រូវបានរំលាយ។ សម្រាប់ លោក អ៊ូ ច័ន្ទរ័ត្ន ជាគណៈអភិបាលរងមានភារកិច្ចសម្របសម្រួលការងារជាមួយក្រុមតំណាងរាស្រ្ត នៃគណបក្សសង្រ្គោះជាតិ។ សម្រាប់លោក ម៉ៅ មុនីវណ្ណ ជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិដែលត្រូវមានភារកិច្ចសម្របសម្រួលនិងដឹកនាំកិច្ចការជាមួយរចនាសម្ព័ន្ធគ្រប់កម្រិតរបស់គណបក្សសង្រ្គោះជាតិ។

ហេតុដែលលោកត្រូវសរសេរទៅលោកទាំងបី គឺព្រោះយោងតាមព័ត៌មានក្រៅផ្លូវការដែលទទួលបានមូលនិធិទូរទស្សន៍ព្រះអាទិត្យ និងថវិការបស់គណបក្សទាំងអស់ ត្រូវបានគេដកចេញពីគណនីធនគារ នៅក្រោយការចាប់ខ្លួនលោក កឹម សុខា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងកំលុងពេល និងនៅមុនពេលគណបក្សត្រូវបានរំលាយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
១-តើគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស នៅក្រោមការសម្របសម្រួល និងដឹកនាំរបស់លោក ប៉ុល ហំម បានអនុម័ត ឬអនុញ្ញាតឱ្យមន្រ្តីណាទៅដកមូលនិធិទូរទស្សន៍ព្រះអាទិត្យ និងថវិការបស់គណបក្ស ចេញពីគណនីធនាគារ ដែរទេ?
២-តើលោកទាំងបី ដឹងថា អ្នកណាទទួលខុសត្រូវក្នុងការចុះហត្ថលេខាដកថវិកាទាំងអស់ចេញពីគណនីធនាគារ?
៣-តើលោកទាំងបី ដឹងថាមន្រ្តីណានៅក្នុងគណបក្សត្រូវបានប្រគល់សិទ្ធិជាផ្លូវការចុះហត្ថលេខាលើឯកសារធនាគារ ដូចជា «មូលប្បទានប័ត្រ» ឬ «cheque» ជាដើម ដើម្បីដាក់និងដកប្រាក់មូលនិធិទូរទស្សន៍ព្រះអាទិត្យ និងថវិការបស់គណបក្ស?
៤-បើសិនជាលោកទាំងបី បានដឹងអំពីការដកប្រាក់ទាំងអស់ចេញពីគណនីធនាគារ តើលោកបានដេញដោលសួរអំពីមូលហេតុដក និងថាតើគេយកសាច់ប្រាក់ទាំងនេះទៅណា?
៥-បើសិនជាលោកទាំងបី មិនដឹងថាមានគេទៅដកប្រាក់ទាំងអស់ចេញពីគណនីធនាគារ តើឯកឧត្តមទាំងបី ធ្លាប់បានសួរដេញដោលអំពីថវិកាទាំងនេះ ក្នុងរយៈពេលជិត៦ឆ្នាំមកនេះទេ? បើបានសួរ តើសួរអ្នកណា និងតាមវិធីណា?
៦-បើសិនជាលោកទាំងបី មិនបានសួរដេញដោលអំពីឋានៈបច្ចុប្បន្ននៃមូលនិធិទូរទស្សន៍ តើមានមូលហេតុអ្វីដែល ឯកឧត្តមទាំងបី មិនសួរ?
៧-តើលោកទាំងបី ដឹងទេថាគណបក្សមានថវិកាប៉ុន្មាន តម្កល់ជាបញ្ញើនៅក្នុងគណនីធនាគារ ក្រៅពីមូលនិធិទូរទស្សជាង៧០ម៉ឺនដុល្លារ?
៨-តើមូលនិធិទូរទស្សន៍ព្រះអាទិត្យនិងថវិការបស់គណបក្សដាក់បញ្ញើក្នុងគណនីធនាគារតែមួយ ឬគណនេយ្យធនាគារផ្សេងគ្នា?
៩-តើលោកទាំងបី ដឹងថាគណនេយ្យធនាគារត្រូវបានបើកនៅធនគារណាខ្លះ (ដោយមិនតម្រូវឱ្យបញ្ជាក់លេខគណនី)?
១០-តើលោកទាំងបី ដឹងទេថាបើសិនជាមូលនិធិទូរទស្សន៍ព្រះអាទិត្យជាង៧០ម៉ឺនដុល្លារ មិនត្រូវបានគេដកចេញពីគណនីធនាគារ តើនឹងត្រូវទទួលអត្រាការប្រាក់ប៉ុន្មាន? ហើយបើសិនជាយកការប្រាក់បូកបង្គួរបន្ថែមទៀតនឹងត្រូវទទួលបានអត្រាការប្រាក់ប៉ុន្មាន?
១១-ប្រជាពលរដ្ឋខ្មែរបានចូលរួមបរិច្ចាគជាហ៊ុនក្នុងគម្រោងទូរទស្សន៍ព្រះអាទិត្យរបស់គណបក្សសង្រ្គោះជាតិ ដែលជាគម្រោងមានឈ្មោះ មានគោលបំណង គោលដៅ និងទិសដៅជាក់លាក់ ប៉ុន្តែនៅក្រោយថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គម្រោងនេះត្រូវបានបញ្ចប់ ក្នុងន័យនេះ តើលោកទាំងបី យល់ថាមូលនិធិទូរទស្សរនេះគួរត្រូវបានប្រើប្រាស់សម្រាប់គោលបំណងអ្វីទៀតបានទេ ឬគួរបង្វែរមកជួយមូលនិធិសម្បុរសធម៌ ដូចជាមណ្ឌលកុមារកំព្រា មន្ទីរពេទ្យគន្ធបុប្ផា មន្ទីពេទ្យកុមារអង្គរ ជាដើម?
១២-បើសិនជាលោកទាំងបី បានដឹងថាមូលនិធិនិងថវិការបស់គណបក្សស្ថិតក្នុងដៃរបស់អតីតមន្រ្តីបក្សណាម្នាក់ តើលោកនឹងមានបំណងទាមទារបង្ហាញពីរបាយការណ៍ធនាគារ (bank statement) ដើម្បីឱ្យប្រាកដថាថវិកាទាំងអស់ត្រូវបានគេរក្សាទុកដោយសុវត្ថិ និងមិនបាត់បង់?

លោក មុត ចន្ថា បានបន្តថា ដើម្បីបញ្ជាក់ពីភាពស្អាត់ស្អំ សុចរិតភាព និងតម្លាភាព លោកយល់ថា ឯកឧត្តមទាំងបី គួរតែចេញមុខមកបញ្ជាក់ជាសាធារណៈ បើពុំសោតទេ អាចនឹងបង្កើតឱ្យមានមន្ទិលយ៉ាងខ្លាំងចំពោះ ឯកឧត្តមទាំងបី។ ម្យ៉ាងវិញទៀតលោក អ៊ូ ច័ន្ទរ័ត្ន បានបង្កើតគណបក្សនយោបាយថ្មី គឺ«គណបក្សកំណែទម្រង់កម្ពុជា» និងលោក ប៉ុល ហំម បានប្រកាសថានឹងទៅចូលរួមដឹកនាំគណបក្សនេះដែរ។ ដូច្នេះលោកទាំងពីរ គួរតែបញ្ជាក់ពីភាពស្អាតស្អំថា «ថវិកាទ្រទ្រងគណបក្សថ្មីនេះ» មិនមែនជាចំណែកណាមួយបានមកពីមូលនិធិទូរទស្សន៍ព្រះអាទិ្យ និងដើម្បីជាការទទួលខុសត្រូវចំពោះម្ចាស់មូលនិធីផងដែរ។
លោកបានបន្តទៀតថា រូបលោកក៏ដូចប្រជាពលរដ្ឋមួយចំនួនកំពុងទន្ទឹងរង់ចាំការបញ្ជាក់របស់អ្នកទាំងបី គឺលោក ប៉ុល ហំម លោក អ៊ូ ចន្ទរ័ត និងលោក ម៉ៅ មុនីវណ្ណ។

ជាការឆ្លើយតបលោក ប៉ុល ហំម បានមានប្រសាសន៍ប្រាប់AMS កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ថា លោកមិនដឹងថា លោកមុត ចន្ថា សួរនេះមមានបំណងអ្វីទេ! ប៉ុន្តែគាត់ដឹងហើយថា លោកមិនមានសិទ្ធិចុះហត្ថលេខាលើសែក ដើម្បីបើកលុយទេ ទាំងលុយគណបក្ស និងលុយនិធិទូរទស្សន៍ព្រះអាទិ្យក៏ដោយ។ លោកបានបញ្ជាក់ថា “ក្នុងនាមអនុប្រធាន នៅពេលដែលលោកកឹម សុខា គាត់មានបញ្ហាគេយកទៅត្រពាំងផ្លុង ខ្ញុំក៏អត់មានបានតួនាទីជាប្រធានស្តីទីដែរ ពីព្រោះខាងគណបក្សសង្គ្រោះជាតិ អាចមាននាទីជាប្រធានស្តីទីលុះត្រាប្រធានផ្ទេរសិទ្ធិជាលាយល័ក្ខអក្សរ។ ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយក៏ពេលដែលគាត់ (កឹម សុខា) ខ្ញុំគ្រាន់តែដឹកនាំកិច្ចការងារប្រចាំប៉ុណ្ណឹងទេ។ ហើយមានរយៈពេលវែងឯណាក្រោយពេលដែលគេចាប់លលោក កឹម សុខា ទៅ មួយរយៈពេលខ្លីមកមានការរំលាយគណបក្ស។ ហើយក្នុងតួនាទីជាប្រធានគណៈកម្មការនាយក ក៏ដូចជាអនុប្រធាន គឺខ្ញុំគ្មាននាទីអីចាត់ចែងកិច្ចការលុយកាក់ទេ”។

ចំណែកលោកអ៊ូ ច័ន្ទរ័ត្ន និងលោកម៉ៅ មុនីវណ្ណ មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទមិនមានអ្នកទទួល៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner