បុរសម្នាក់បានស្លាប់នៅផ្ទះរបស់ខ្លួន ហើយត្រូវបានគ្រូពេទ្យពិនិត្យសំណាកទៅលើសពតាមឧបករណ៍រហ័សជាបឋម រកឃើញវិជ្ជមានកូវីដ-១៩
ខេត្តកំពង់ឆ្នាំង ៖ ព្រឹកថ្ងៃទី ១០ខែមិថុនាឆ្នាំ២០២១នេះ នៅផ្ទះសពជនរងគ្រោះស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង បន្ទាប់ពីត្រូវបានក្រុមគ្រូពេទ្យចុះទៅធ្វើការពិនិត្យយកសំណាកតាមឧបករណ៍រហ័សជាបឋម ទៅលើសពរកឃើញវិជ្ជមានកូវីដ-១៩។
សពជនរងគ្រោះឈ្មោះ ហួត សម្បត្តិ អាយុ៥៧ឆ្នាំមានមុខរបររត់តាក់ស៊ី ប្រពន្ធឈ្មោះ គៀង ណៃ អាយុ ៥៧ឆ្នាំមានកូន ២នាក់ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
លោកវីរៈសេនីយ៍ឯក ទឹម ចាន់ធី អធិការនគរបាលស្រុករលាប្អៀរ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាននៅរសៀលថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២១នេះឲ្យដឹងថា សពជនរងគ្រោះបានស្លាប់នៅវេលាព្រឹកថ្ងៃទី១០ ខែមិថុនា ២០២១នេះ ។
អធិការនគបាលស្រុករលៀប្អៀបានអោយដឹងទៀតថានៅពេលមុនស្លាប់ជនរងគ្រោះមានអាការៈជំងឺធ្ងន់ធ្ងរក៏បានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីដឹកយកទៅធ្វើការជួយសង្គ្រោះ។
ប៉ុន្តែខាងរថយន្តពេទ្យមិនទាន់មកដល់ផង ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅនឹងផ្ទះរបស់ខ្លួនតែម្តង ។
អធិការនគបាលស្រុករលាប្អៀរបានអោយដឹងទៀតថា បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យសំណាកទៅលើកសពជនរងគ្រោះជាបឋមរកឃើញថា សពជនរងគ្រោះមានវិជ្ជមានកូវីដ-១៩ ខណៈនោះដែរក្រុមគ្រូពេទ្យក៏បានពិនិត្យសំណាកទៅលើប្រពន្ធនិងកូន២នាក់របស់សពលើកទីមួយលទ្ធផលអវិជ្ជមានទាំងអស់។
សពជនរងគ្រោះត្រូវបានដឹកយកទៅបូជានៅទីតាំងបូជាសពថ្មី ស្ថិតនៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
អាជ្ញាធរបានបញ្ជាក់ផងដែរថា សពជនរងគ្រោះមួយរយៈមុនស្លាប់ប៉ុន្មានថ្ងៃ គាត់ចេះតែពោលប្រាប់ប្រពន្ធថារូបគាត់មានអាការៈឈឺសាច់ដុំ និងអស់កម្លាំងហេវហត់ តែមិនបានឈប់សម្រាកនោះទេ គឺគាត់នៅតែបន្តរត់តាក់ស៊ីរហូតដល់មុនថ្ងៃស្លាប់ ១ថ្ងៃ ៕ សុក្ខារិន