កម្ពុជាទទួលយកវត្ថុបុរាណខ្មែរចំនួន២៧រូប ពីសហរដ្ឋអាមេរិក (Video Inside)

កម្ពុជាបានចុះហត្ថលេខាទទួលយកវត្ថុបុរាណខ្មែរចំនួន២៧រូបពីសហរដ្ឋអាមេរិក។ ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកលោក ជុំ សុន្ទរី និងរដ្ឋអាជ្ញានៃការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូយ៉កលោក Cyrus Vance នៅថ្ងៃទី៩មិថុនាឆ្នាំ២០២១ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការផ្ទេរសិទ្ធិគ្រប់គ្រងវត្ថុបុរាណរបស់កម្ពុជា ដែលត្រូវបានជួញដូរទាំង២៧រូបនោះ ប្រគល់មកឲ្យកម្ពុជាវិញ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជាលោកស្រី ភឿង សកុណា បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់និងទទួលនេះ តាមរយៈប្រពន្ធ័វីដេអូពីរាជធានីភ្នំពេញ។ ឯកអគ្គរាជទូតកម្ពុជាតំណាងបេសកកម្មអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ លោក កែ សុវណ្ណ ក៏មានវត្តមាន ចូលរួមក្នុងឳកាសនោះផងដែរ។ ក្នុងចំណោមវត្ថុបុរាណទាំង២៧ដែលត្រូវបានរកឃើញមកវិញនោះ រួមមានរូប បដិមាផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនាសម័យអង្គរសំខាន់ៗមួយចំនួនដូចជា ព្រះពុទ្ធគង់សមាធិលើនាគ ធ្វើពីសំរឹទ្ធ, រូបព្រះឥសូរ និងព្រះនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់ជាដើម។

លោកស្រីរដ្ឋមន្ត្រី ភឿង សកុណា ក្នុងពេលថ្លែងទៅកាន់ពិធីចុះហត្ថលេខានោះ បានសម្ដែងអំណរគុណ និងវាយ តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងពីសំណាក់ ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំសង្កាត់ញូយ៉ក, ក្រសួងសន្តិសុខមាតុភូមិអាមេរិក, ស្ថានទូតអាមេរិកប្រចាំកម្ពុជា និងស្ថានទូតកម្ពុជាប្រចាំ សហរដ្ឋអាមេរិក ព្រមទាំងក្រុមការងារ នៃក្រសួងវប្បធម៌កម្ពុជា ក្នុងការបញ្ជូនសម្បត្តិវប្បធម៌ទាំងនោះត្រឡប់ មកមាតុភូមិកម្ពុជាវិញ។

លោកស្រីរដ្ឋមន្ត្រី បានថ្លែងថាការទទួលបានត្រឡប់មកវិញនៃវត្ថុបុរាណទាំងនោះ បាន សរបញ្ជាក់ពីចំណងមិត្តភាពដ៏ល្អ និងប្រកបដោយផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការចូលរួមការពារបេតិកភណ្ឌវប្បធម៌ខ្មែរ។

ឯកអគ្គរាជទូតខ្មែរប្រចាំសហរដ្ឋអាមេរិក លោកជុំ សុន្ទរី បានគូសបញ្ជាក់ថា ការបញ្ជូនត្រឡប់មកវិញនៃវត្ថុបុ រាណទាំងនោះ បានបង្ហាញឲ្យឃើញជាថ្មីនូវលទ្ធផលផ្លែផ្កានៃអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះ ហត្ថលេខាដោយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបើកឡើងនូវទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរ លើការអភិរក្សវប្បធម៌រវាងប្រទេសទាំងពីរ និងលោកឯកអគ្គរាជទូតបានបន្ថែមថា កម្ពុជាសង្ឃឹមថាសហរដ្ឋអាមេរិកនឹងបន្តភាពជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីអាចបញ្ឈប់ការជួញដូរសម្បត្តិ វប្បធម៌ខ្មែរខុសច្បាប់ និងបញ្ជូនបេតិកភណ្ឌវប្បធម៌របស់កម្ពុជាត្រឡប់មកវិញ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner